ភ្នំពេញ:បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើកម៉ូតូធុនធំយ៉ាងលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង ផ្លោងរថយន្តបោកក្បាលផ្ទប់និងបង្គោលភ្លើង។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលម៉ោង៩និង៤០នាទីយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវលេខ២៦៥ចំណុចគល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះអ៊ូ វាសនា អាយុ៣៧ឆ្នាំអាសយដ្ឋានផ្លូវលេខ១ភូមិ១៥សង្កាត់ស្រះចកខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ 1334 ទើបតែចេញពីកម្មវិធីមង្គលការ យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានអាកាស៧មករា ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តលុចស៊ីRX300ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT 6087 បើកដោយប្ដីប្រពន្ធពីរនាក់កំពុងឆ្លងផ្លូវពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២៦៥ជិតផុតទៅហើយពេញទំហឹងបណ្ដោឲ្យរថយន្តលុចស៊ីសទៅបះរថយន្តអូឌីមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AN 1223កំពង់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ក្នុងទិសបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងរំលងរថយន្តទៅបោកក្បាលផ្ទប់និងបង្គោលភ្លើងស្លាប់ភ្លាមៗនៅនឹងកន្លែង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងចុះវាស់វែងយករថយន្តទាំងពីរគ្រឿងនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតំលក់ទុកនៅវត្តតាំងកសាងរងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ