ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់យកកាំបិតចិតបន្លែភ្ជង់ស្រ្ដីជាអ្នកលក់ឱសថម្នាក់ហើយចងជាប់នឹងគ្រែដេករួចរើកកាយលួចលុយអស់មួយចំនួននៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

កណ្ដាល៖ ស្រ្ដីជាអ្នកលក់ឱសថម្នាក់ ត្រូវជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ២នាក់ យកកាំបិតចិតបន្លែ មកភ្ជង់គ្រាកចូលក្នុងបន្ទប់ដេក ហើយចាប់ចងជាប់នឹងគ្រែដេក រួចរើកកាយលួចលុយអស់មួយចំនួន ។ករណីលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ស្រ្ដីរងគ្រោះ ស្រី ផល្លី អាយុ២៨ឆ្នាំមានទីលំនៅភូមិ/ឃុំកើតហេតុ។ ចំណែកជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្ដសញ្ញាណ ។ ដោយឡែកសម្ភារៈបាត់បង់មាន៖ ប្រាក់រៀលចំនួន២,០០០,០០០រៀល ,ប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារ ,ខ្សែកផ្លាកទីន២ខ្សែរ ,កងដៃផ្លាកទីន២កង ,ចិញ្ចៀនផ្លាកទីន២វង់ ។
ប្រភពដដែលបន្ដថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ វេលាម៉ោង១៤និង៣០នាទី ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម មួយគ្រឿង មិនចាំស្លាកលេខ បានមកឈប់នៅមុខផ្ទះស្រ្ដីរងគ្រោះដែលជាផ្ទះលក់ឱសថ បន្ទាប់មកជនសង្ស័យម្នាក់អង្គុយចាំលើម៉ូតូ និងជនសង្សយ័ម្នាក់ទៀតចុះពលលើម៉ូតូដើរសំដៅចូលក្នុងផ្ទះ រួចសួរនាំជនរងគ្រោះដែលកំពុងមើលកូនតូចក្នុងអង្រឹងដើម្បីទិញឱសថ និងស្រោមដៃ បន្ទប់មកជនសង្សយ័បានយកស្រោមដៃមកពាក់ រួចហុចប្រាក់ដុល្លារចំនួន២០ដុល្លារ អោយទៅស្រ្ដីរងគ្រោះ ខណៈស្រ្ដីរងគ្រោះកំពុងអាប់លុយ ស្រាប់តែជនសង្សយ័យកកូនកាំបិតចិតបន្លែមកភ្ជង់ ហើយគ្រាកចូលក្នុងបន្ទប់ដេក ដោយគំរាមឲ្យស្រ្ដីរងគ្រោះប្រាប់កន្លែងដាក់លុយ និងសំភារះមានតំលៃ បន្ទាប់មកវាយមួយដៃចំពោះ និងចាប់ចងនារីរងគ្រោះទៅនឹងជើងគ្រែដេក រួចក៏កូរករកាយទូរយកលុយ និងសំភារះដូចបានរៀបរាប់ខាងលើ ឡើងម៉ូតូជិះគេចខ្លួនបាត់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះរើបំរាស់ស្រាយចំណង រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ប៉ុស្ដិ៍រដ្ឋបាលកណ្ដោក ដើម្បីស្រាវជ្រាវ ។ ចំពោះករណីនេះ កម្លាំងនគរបាលប៉ុស្ដិ៍ និងកម្លាំងនគរបាលជំនាញស្រុក កំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យទាំង២នាក់មកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជយ័


ចែករំលែក៖