ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងធុនយក្សបុកគ្រោងផ្ទាំងប៉ាណូនៅក្រុងកំពតបាក់កៀបជាប់ទៅមុខលែងរួច

ចែករំលែក៖

ខេត្តកំពត ៖ រថយន្តសណ្តោងធុនធំមួយគ្រឿងបានបើកបុក រួចកៀបជាប់ជាមួយខ្លោងទ្វារគ្រោងផ្ទាំងប៉ាណូសាងសង់ពីដែកសម្រាប់លម្អពិធីបុណ្យសមុទ្រកន្លងទៅដោយសារផ្តើមចេញពីការបើកជែង។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ ១៥រោច ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

នាយរងការិយាល័យនគរបាលផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពត លោកវរសេនីយ៍ទោ ស៊ូ វណ្ណាត បានប្រាប់ឱ្យដឹងថាកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៣ ខែមីនា មានករណីរថយន្តសណ្តោងធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លកលេខភ្នំពេញ3C-7534 បានបុកកៀបជាប់គ្រោងផ្ទាំងប៉ាណូមួយលើផ្លូវជាតិលេខ៣។ ផ្ទាំងប៉ាណូនោះត្រូវបានរដ្ឋបាលខេត្តកំពតសាងសង់កាត់ទទឹងផ្លូវសម្រាប់លម្អពិធីបុណ្យសមុទ្រនាពេលកន្លងទៅ

លោកស៊ូ វណ្ណាត បានបញ្ជាក់ថាមុនហេតុការណ៍កើតឡើង គេឃើញរថយន្តសណ្តោងនេះមកពីជើងក្នុងទិសដៅឆ្ពោះទៅខេត្តព្រះសីហនុ។ ស្របពេលនោះ ស្រាប់តែមានរថយន្តពីរគ្រឿងមកពីមុខបើកជែងគ្នា ទើបរថយន្តសណ្តោងព្យាយាមបើកគេចទៅស្តាំបណ្តាលឲ្យ​បុកប៉ះខ្លោងទ្វារ ហើយកៀបជាប់ច្រងាងតែម្តង។បន្ទាប់មក សមត្ថកិច្ចក៏ទំនាក់ទំនងហៅក្រុមជាងមកកាត់ផ្តាច់ដែកគ្រោងខ្លោងទ្វារនេះចេញរហូតដល់ម៉ោង៦ល្ងាចទើបយករថយន្តមួយគ្រឿងនេះចេញបាន ហើយសមត្ថកិច្ចបានយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងកំពតដើម្បីដំណើរការតាមនីតិវិធីសហការី


ចែករំលែក៖