ខេត្តបាត់ដំបង ៖ បុរសម្នាក់ខណ:ដែលគាត់កំពុងដើររកបេះផ្លែសំរ៉ងនៅក្នុងព្រៃ បានដើរជាន់មីនផ្ទុះ បណ្ដាលឱ្យរងរបួសជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃអង្គារ ១កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ មីនា ត្រង់ចំណុចភ្នំរទេះសេះ ស្ថិតក្នុងភូមិសាស្ត្រ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ។
តាមមន្ត្រីកងរាជអាវុធហត្ថស្រុកសំឡូតបានរាយការណ៍ថា ពលរដ្ឋរងគ្រោះមាន ឈ្មោះ ជន ហាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាកសិកររស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត បានរងរបួសធ្ងន់ត្រង់ប្រអប់ជើងខាងស្ដាំ ហើយទំនងអាចឈានដល់ការវះកាត់ទៀតផង។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុ បុរសនោះ រួមជាមួយអ្នកភូមិ៣ទៅ៤នាក់ទៀត បាននាំគ្នាចូលព្រៃនៅតំបន់ដ៏គ្រោះថ្នាក់នោះ ដើម្បីបេះឬរើសផ្លែសំរ៉ងភ្នំយកទៅលក់ តែអកុសលជនរងគ្រោះបានដើរជាន់គ្រាប់មីនដែលកប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាមបណ្ដាលឱ្យផ្ទះរបួសជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ឯអ្នកដទៃទៀតមិនរងគ្រោះនោះទេ។
បើតាមមន្ត្រីកងរាជអាវុធហត្ថរូបនេះបញ្ជាក់ថា គ្រាប់មីនដែលបង្កគ្រោះថ្នាក់នោះ ជាប្រភេទ«មីនស្គរ» ដែលកប់ក្នុងដីសេលសល់តាំងពីអំឡុងសង្គ្រាមមកម្ល៉េះ ហើយសព្វថ្ងៃតំបន់នោះ នៅតែមានសេសសល់នូវគ្រាប់យុទ្ឌភណ្ឌមិនផ្ទុះនៅរាយប៉ាយពេញព្រៃនៅឡើយ ត្រូវបានអាជ្ញាធរកំចាត់មីនដាក់បំរាមហាមមិនឲ្យប្រជាពលរដ្ឋចូលទៅជិតដែរ ។
ប្រជាពលរដ្ឋនៅស្រុកសំឡូតប្រាប់ថា បច្ចុប្បន្ននេះ នៅតាមតំបន់ជួរភ្នំ ឬ តំបន់ព្រៃនៅតាមភូមិសាស្ត្រខ្លះនៃស្រុកសំឡូត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ដែលសេសសល់ពីសម័យសង្គ្រាម កំពុងមាននៅរាយប៉ាយពាសពេញព្រៃជួរភ្នំ ឬកប់នៅក្នុងដីនៅឡើយ បើទោះជាចំការមីនមួយផ្នែកធំ នៅក្នុងស្រុកនេះត្រូវបានបោសសម្អាតដោយអង្គភាពកំចាត់មីននានារបស់កម្ពុជាក្ដី ។ ជារឿយៗ ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូតនេះ តែងជួបគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាមទាំងនោះ តាមរយ:ការកាប់ទន្ទ្រានព្រៃវាទយកដីបង្កបង្កើនផល ការរុករានកាប់បំផ្លាញព្រៃឈើ ការចូលព្រៃបេះបោចអនុផលព្រៃ ឬចូលពប្រៃបរបាញ់សត្វព្រៃជាដើម។
ក្នុងស្ថានភាពបែបនេះ កន្លងទៅមន្ត្រីជំនាញឬអាជ្ញាធរកម្ចាត់មីនតែងតែអំពាវនាវជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ដែលងាយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនៅតាមតំបន់ដទៃទៀត ដើម្បីឱ្យមានការប្រយ័ត្នចំពោះការដើររុករានចូលព្រៃ នៅតាមតំបន់ដែលសង្ស័យមានគ្រោះថ្នាក់ តែពលរដ្ឋមួយចំនួនហាក់មិនសូវយកចិត្តទុកដាក់ទៅលើការអំពាវនាវទេ ទើបនាំឱ្យមានគ្រោះថ្នាក់ដោយសារគ្រាប់មីនជាបន្តបន្ទាប់រហូតមកដល់ពេលនេះជាបន្តបន្ទាប់ ៕ ស សារ៉េត