ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្ដី ស្រ្តីបងវាយប្អូនបង្កើតបែកក្បាលដេ ០៨ថ្នេ នគរបាលឃាត់ខ្លួនជនបង្ក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលឃាត់ខ្លួនប្ដីប្រពន្ធជាបងស្រីបង្កើត និងបងថ្លៃប្រុស ដែលវាយប្អូនស្រីបណ្ដាលឲ្យបែកក្បាលដេ ៨ថ្នេ ករណីទំនាស់ពាក្យសម្ដីគ្នារឿងដាក់គ្រឿងសំណង់ ។

ហេតុការណ៍ហឹង្សារវាងបងប្អូនបង្កើតនឹងគ្នាខាងលើ បានកើតឡើងនៅវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងរបួស ស្ថិតក្នួងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ស្រ្តីរងរបួសឈ្មោះ មួន ចាន់ណា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកជនដៃដល់ឈ្មោះ មួន ធា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នជាមួយប្អូនស្រី(ជនរងរបួស) នឹង ប្ដីស្រ្តីដៃដល់ឈ្មោះ ឃួន សារឿន អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ ។

របាយការណ៍នគរបាលខាងលើបន្តថា មូលហេតុ៖ ទំនាស់ពាក្យសម្ដីដោយផ្ដើមចេញពីឈ្មោះ មួន ធា (ដៃដល់)បានទិញឥដ្ឋ និងសុីម៉ង់មកដាក់មុខផ្ទះ តែស្រ្តីរងរបួសជាប្អូនមិនឲ្យដាក់ព្រោះចំផ្លូវដើរ ប្រកែកគ្នាទៅវិញទៅមកស្រ្តីជាបងទាញដំបងឈើ(ដងកឺបុកប៊ីយ៉ា)ប្រវែង កន្លះម៉ែត្រវាយក្បាលបែកហូរឈាមដេ ៨ថ្នេ ។

របាយការណ៍ដដែលបន្តទៀតថា បុរសជាប្ដីស្រ្តីដៃដល់មិនឲ្យគេឃាត់ទេ ទុកឲ្យពួកគាត់វាយគ្នាចុះព្រោះជាបងប្អូនបង្កើត ថែមទាំងស្រែកបន្ទរថា បើប្រពន្ធគាត់ចាញ់ទៅដេកពេទ្យ បើប្រពន្ធគាត់ឈ្នះចាំគាត់បង់លុយ ប្ដីប្រពន្ធសង្ស័យដៃដល់នគរបាលឃាត់ នាំខ្លួនទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំណែកស្រ្តីរងរបួសជាប្អូននាំយកទៅមន្ទីរពេទ្យដេចំនួន ៨ថ្នេ ៕ បុឹម ពិន


ចែករំលែក៖