ខេត្តពោធិ៍សាត់៖ បុរសម្នាក់ភ្លាត់ស្នៀតបានធ្លាក់ពីលើជណ្តើរដែកមកដីបាក់កស្លាប់ភ្លាមៗ ខណៈដែលបុរសរូបនេះកំពុងចល័តជណ្តើរតាមជញ្ជាំងក្តារផ្ទះក្នុងគោលបំណងតអំពូលភ្លើងឲ្យភ្លឺ ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ មីនា ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលស្រុកកណ្តៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង លាង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅ ភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យដល់គេហដ្ឋានជនរងគ្រោះហើយបានសន្និដ្ឋានថា ជនរងគ្រោះរូបនេះពិតជាស្លាប់ដោយសារធ្លាក់ពីលើជណ្តើរមកដីបាក់កប្រាកដមែនហើយសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រណៃណី ៕ ប៉ឹម ពិន