ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងបឋម៖ ដល់ថ្នាក់ចាញ់បោកប្រុសស្នេហ៍ ចងក សម្លាប់ខ្លួន ប្តីមកទទួលសព យកទៅធ្វើបុណ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅសណ្ឋាគារ ផាម៉ា ខេត្តកំពង់ឆ្នាំង នៅល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ មានករណី ស្ត្រីម្នាក់ បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ លេខ២០៣ មូលហេតុ រឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយ ។ សាកសពត្រូវបានប្រគល់ ជូនលោក រិន្ទ ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តីរបស់សាកសព ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គឺនៅព្រលប់ថ្ងៃទី២៤ ខែមីនា មានរថយន្តឡង់គ្រិះស័រ មួយគ្រឿងដឹកនារីរងគ្រោះមកដាក់នៅមុខសណ្ឋាគារ ផាម៉ា ក្រោយមករថយន្តនោះ ក៏ទៅបាត់ ក្រោយមកទៀត ក៏មានមនុស្ស៦នាក់ មកតាមរក ហើយសួរនាំមនុស្សធ្វើការនៅសណ្ឋាគារ ផាម៉ា តែពុំត្រូវបានអ្នកធ្វើការទម្លាយឲ្យដឹងថា ស្រ្តីម្នាក់នោះដេកនៅផ្ទះសំណាក់នោះទេ ក្រោយមកទៀតមនុស្ស ទាំង៦នាក់ ក៏បានចតរថយន្តនៅមុខសណ្ឋាគារជាប់គ្នានិងសណ្ឋាគារកើតហេតុ រួមទាំងបានជួលបន្ទប់ តែបែរជាមនុស្សទាំង៦នាក់នេះ មិនព្រមចូលដេកគឺជួលចោល ។

ប្រភពត្រូវបានបន្តថា ការស្លាប់របស់ស្រ្តីរងគ្រោះ គឺសង្ស័យថា មានការចាញ់បោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនសម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហា ។

ដោយយោងតាមកំណត់ហេតុ របស់សមត្ថកិច្ច ដែលបានចុះទៅពិនិត្យសាកសព ដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA គឺស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបាន សន្និដ្ឋានថា ស្រ្តីគិតខ្លីបានចងករ ធ្វើអត្តឃាតសម្លាប់ខ្លួន នៅចន្លោះពីម៉ោង២៤.១៥នាទី ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ ដល់ម៉ោង ១៨.០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០៕ សហការី


ចែករំលែក៖