ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់បើកបុករថភ្លើងកំពុងឆ្លងផ្លូវរងការខូចខាតខ្ទេចកាប៊ីន១ចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកនីស្សាន់បែនដឹកខ្សាច់១គ្រឿងខណៈ បើកបរត្រឡប់មកពីចាក់ដីខ្សាច់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងមួយកន្លែងរួច ស្រាប់តែវាក់ជាមួយរថភ្លើងដឹកប្រេង១ខ្សែ ហើយពេលទៅដល់ត្រង់ចំណុចផ្លូវដែកឆ្លងកាត់ បានបុកជាមួយរថភ្លើងដឹកប្រេង១ខ្សែកំពុងបើកឆ្លងកាត់ផ្លូវលំបណ្ដាលឲ្យរងការខូចខាតកាប៊ីន១ចំហៀង។បន្ទាប់មក រថភ្លើងក៏បានឈប់និងបានទាមទារសំណងពីម្ចាស់រថយន្តខាងលើហើយដោយសារតែខ្ជិលវែងឆ្ងាយទើបម្ចាស់រថយន្តខាងលើចេញសងប្រាក់ចំនួន២៥០ដុល្លារទៅឲ្យខាងភាគីរថភ្លើងបញ្ចប់រឿងភ្លាមៗតែម្ដង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំត្រង់ចំណុចផ្លូវដែកឆ្លងកាត់ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
រថយន្តខាងលើនោះម៉ាកនីស្សាន់បែនដឹកដីពណ៍ស ពាក់ស្លាកលេខចង្កូតស្ដាំPP-1871 បើកបរដោយយុវជនម្នាក់ឈ្មោះភារុណ អាយុជិត២០ឆ្នាំ និងមានឪពុកឈ្មោះម៉ៅ អាយុជាង៤០ឆ្នាំមុខរបរលក់គ្រឿងសំណង់ សព្វថ្ងៃមានទីលំនៅក្នុងភូមិព្រៃឈូក សង្កាត់ស្នោរ ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនេះបានដឹកខ្សាច់យកោដាក់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងក្រុមហ៊ុនថៃ ដែលស្ថិតនៅក្នុងភូមិកើតហេតុខាងលើ លុះបែនចាក់ដីរួចក៏បានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងទៅកាន់ដេប៉ូលក់គ្រឿងសំណង់របស់ខ្លួនវិញ ដើម្បីដឹកខ្សាច់យកទៅដាក់ នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងនោះបន្តទៀត។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវាក់ជាមួយរថភ្លើងដឹកប្រេងខ្សែភ្នំពេញ-បាត់ដំបង ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ខណៈនោះចំណុចកើតហេតុខាងលើអត់មានបារ៉ាស់សម្រាប់ហាមឃាត់យានយន្តពេលមានរថភ្លើងបើកឆ្លងកាត់នោះ ទើបធ្វើឲ្យរថយន្តវាក់ជាន់ហ្រ្វាំងឈប់ក៏មិនទាន់ក៏បានជ្រុលទៅបុករថភ្លើងបណ្ដាលឲ្យរងការខូចខាតកាប៊ីនខ្លួនឯងតែម្ដង។
ប្រភពដដែលបានបន្តថាក្រោយពេលកើតហេតុរថភ្លើងក៏បានឈប់ស្ងៀមហើយភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាមួយសន្ទុះដោយខាងភាគីរថភ្លើងបានទាមទារឲ្យម្ចាស់រថយន្តសង ពេលនោះដោយខ្ជិលមានរឿង វែងឆ្ងាយនាំខាតពេលរកសុី ម្ចាស់រថយន្តក៏បានចេញប្រាក់ ចំនួន២៥០ដុល្លារឲ្យទៅខាងភាគីរថភ្លើង បញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕សុខាសែនជ័យ​

ចែករំលែក៖