ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិ ជែក ម៉ា និងមូលនិធិ អាលីបាបា មកដល់នៅប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ កញ្ចប់ធ្វើតេស្តដែលជាអំណោយប្រគល់ជូនដោយមូលនិធិជែកម៉ា (Jack Ma) និងមូលនិធិ អាលីបាបា (Alibaba Foundation) បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ ១៩  

ថ្ងៃនេះ នៅក្នុងពិធីដែលចូលរួមដោយ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រគល់កញ្ចប់ធ្វើតេស្តឲ្យជាផ្លូវការដល់ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជានៅឯទីស្តីការក្រសួងសុខាភិបាល។ ហើយក្រសួងសុខាភិបាលកម្ពុជានឹងបែងចែកឧបករណ៍ធ្វើតេស្តទាំងនេះទៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា “យើងកំពុងចាត់គ្រប់វិធានការដែលចាំបាច់ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ ១៩ និងបង្ការមិនឲ្យឆ្លងបន្តទៀត។ សម្ភារវេជ្ជសាស្រ្តដែលទើបតែមកដល់នេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ និងបង្ការមេរោគនេះបានយ៉ាងទាន់ពេលវេលា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ ជែក ម៉ា និងមូលនិធិ អាលីបាបាបា ចំពោះការជួយឧបត្ថម្ភនេះ។

តំណាងមូលនិធិ ជែក ម៉ា បានថ្លែងថា “កិច្ចសហប្រតិបត្តិការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ     កូវីដ ១៩ នេះ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា អំណោយនេះនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារសហគមន៍របស់ខ្លួន។ ជាមួយនឹងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យយើងមានលទ្ធភាពនាំចូល និងដឹកជញ្ជូនឧបករណ៍ធ្វើតេស្តដែលគេកំពុងតែត្រូវការទាំងនេះបានយ៉ាងឆាប់រហ័ស។”

អំណោយប្រគល់ជូនប្រទេសកម្ពុជាលើកនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តពីសំណាក់មូលនីធិទាំងនេះក្នុងការផ្តល់ជូននូវសម្ភារវេជ្ជសាស្រ្តទៅដល់ប្រទេសនៅអាស៊ីចំនួន ១០ប្រទេស ដែលទើបបានប្រកាសនៅថ្ងៃទី ២១ ខែមីនា ថ្មីៗនេះ។ ប្រទេសទាំង ១០នោះរួមមាន កម្ពុជា អាហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីង្ការ។ ជារួមប្រទេសទាំង ១០នេះនឹងទទួលម៉ាសសរុបចំនួ​ន ១,៨ លានបន្ទះ, កញ្ចប់ធ្វើតេស្តចំនួន ២១០ ០០០ កញ្ចប់, និងសំលៀកបំពាក់ការពារខ្លួនចំនួន ៣៦ ០០០ សម្រាប់ ក៏ដូចជាឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗដ៏ទៃទៀតដូចជា កង្ហារខ្យល់ និងទែរម៉ូម៉ែត្រវាស់កម្តៅថ្ងាស់។

អំណោយទាំងនេះគឺជាកិច្ចផ្តួចផ្តើមផ្តល់ជំនួយពីមូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបា ដើម្បីគាំទ្រដល់តំបន់នានានៅលើពិភពលោកដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិកូវីដ ១៩។ អំណោយទាំងនេះរួមមានការយក និងប្រគល់សម្ភារវេជ្ជសាស្ត្រផ្សេងៗឲ្យទៅប្រទេស និងតំបន់នានានៅអាស៊ី, អាមេរិកខាងជើង, អាមេរិកឡាទីន, អ៊ឺរ៉ុប, និងអាហ្រ្វិក

មូលនីធិទាំង ២ បានបោះពុម្ពផ្សាយ និងចែកចាយកូនសៀវភៅដែលណែនាំលម្អិតអំពីមេរៀន និងការអនុវត្តន៍ល្អៗពីមន្ទីរពេទ្យ First Affiliated Hospital, សាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជឺជាំង (Zhejiang University School of Medicine), សម្រាប់អ្នកជម្ងឺមេរោគកូវីដ ១៩៖ https://covid-19.alibabacloud.com/

កិច្ចផ្តួចផ្តើម និងអំណោយថ្មីៗជាច្រើនទៀតត្រួវបានគេរំពឹងថាមានចេញប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ។

មូលនីធិនេះបង្កើតឡើងដោយលោក ជែក ម៉ា ស្ថាបនិកនៃអាលីបាបាគ្រុប នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ ហើយផ្តោតអារម្មណ៍លើវិស័យអប់រំ, សហគ្រិនភាព, ភាពជាអ្នកដឹកនាំរបស់ស្រ្តី, និងបរិស្ថាន។ មូលនីធិនេះចង់ក្លាយខ្លួនទៅជាអង្គការសប្បុរសធម៌មួយដែលអាចទុកចិត្តបាន និងមានការចូលរួម។ រហូតមកដល់ពេលនេះ មូលនីធិ ជែក ម៉ា បានគាំទ្រគម្រោងជាច្រើននៅលើពិភពលោករួមមាន កម្មវិធីអប់រំនៅជនបទរបស់លោក ជែក ម៉ា, កិច្ចផ្តួចផ្តើមពានរង្វាន់សហគ្រិនអនឡាញនៅអាហ្រ្វិក (Africa Netpreneur Prize Initiative), កម្មវិធីអាហារូបករណ៍ ម៉ា និងម៉ូលី, និងមូលនីធិ រ៉ានីញ៉ា របស់ម្ចាស់ក្សត្រីប្រទេសហ្សកដង់។ លើសពីនេះមូលនីធិនេះបានផ្តល់ថវិកាឧបត្ថម្ភដល់គម្រោងមួយចំនួននៅតំបន់អាទិភាពរបស់ខ្លួន។ មូលនីធិ ជែក ម៉ា មានការប្តេជ្ញាចិត្តពង្រឹងសេចក្តីអង់អាចអ្នកអប់រំនៅជនបទ, សហគ្រិន, កុមារជនបទ, អ្នកទើបចាប់ផ្តើមអាជីវកម្មវ័យក្មេង,​ និងស្រ្តីដើម្បីឲ្យពួកគេកសាងនូវសង្គមមួយនាពេលអនាគតប្រកបដោយសុភមង្គលជាងមុន, សុខភាពល្អជាងមុន,​ មាននិរន្តរភាពជាងមុន, និងបរិយាបណ្ណជាងមុនមូលនិធិ អាលីបាបា ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១១ ក្នុងគោលបំណងបង្កើតវប្បធម៌មួយដែលលើកទឹកចិត្តប្រជាជននានាឲ្យចូលរួមក្នុងវិស័យសប្បុរសធម៌, ធ្វើឲ្យវាមាននិរន្តរភាព និងចូលរួមចំណែកទៅនឹងសង្គមស៊ីវិល និងធម្មជាតិយ៉ាងពិតប្រាកដ។ ទិដ្ឋភាពផ្តល់ថវិកាគាំទ្ររបស់មូលនីធិនេះរួមមាន៖ ការការពារទឹក, ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន, និងការអភិវឌ្ឍន៍អង្គការ/ស្ថាប័ន បៃតង។ អាលីបាបាគ្រុបមានការប្តេជ្ញាចិត្តបរិច្ចាកមួយភាគរយនៃចំណូលប្រចាំឆ្នាំរបស់ខ្លួនទៅឲ្យមូលនីធិអាលីបាបា ដើម្បីធានាឲ្យមានចរន្តថវិការយៈពេលវែង និងស្ថិរភាពដែលនឹងអនុញ្ញាតឲ្យមានការឆ្លើយតបទៅនឹងព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិបានទាន់ពេលវេលា ឬដើម្បីពង្រីកគម្រោងសប្បុរសធម៌នានា។

 


ចែករំលែក៖