ព័ត៌មានទាន់ហេតុការណ៍៖

យុត្តិធម៌មានតើ សំណុំរឿងឪពុកមារបស់តារាចម្រៀង ជុំ លីណូទទួលបានយុត្ដិធម៌ហើយ

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងឪពុកមារបស់តារាចម្រៀង ជុំ លីណូ ទទួលបានយុត្តិធម៌ បន្ទាប់ពីប្រើពេលប្តឹងតវ៉ា អស់រយៈពេល៥ឆ្នាំ, តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមការបញ្ជាក់ដោយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ឃុំខ្លួនទណ្ឌិត លេខ ០១៥ អ.យ.ឃ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យស្រាវជ្រាវរកចាប់ទណ្ឌិត ០១រូបឈ្មោះ ភុំ មុនីរ័ត្ន ដែលជាអតីតជាព្រះសង្ឃល្បីឈ្មោះ លួចទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ឪពុកមាតារាចម្រៀង ជុំ លីណូ និងបានប្រើហិង្សាលើកូនចុង ដែលជាអនិតិជន ត្រូវបានតុលាការបីថ្នាក់ សម្រេចផ្តន្ទាទោស ជនជាប់ចោទ ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ ពិន័យជាប្រាក់៤លានរៀល និងសងសំណងរដ្ឋប្បវេណី និងសំណងជំងឺចិត្តចំនួន១២លានរៀល ទៅដើមបណ្តឹង។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ គួររំលឹកដែរថា កាលពីឆ្នាំ២០១៥ មានករណី ជម្លោះដ៏ក្តៅគគុកមួយកើតឡើងរវាងគ្រួសារឪពុកមា របស់តារាចម្រៀង ជុំ លីណូ និងអតីតសង្ឃល្បីមួយអង្គឈ្មោះ ភុំ មុនីរ័ត្ន ។
លោក មាស ឡេង ដែលជាឪពុកមា របស់តារាចម្រៀង ជុំ លីណូ បានរៀបរាប់ថា ប្រពន្ធគាត់បានសុំធ្វើលិខិតលែងលះម្តងហើយម្តងទៀត ដោយប្រាប់ថា ដើម្បីរកអ្នកមកការ និងធានាយកកូនទៅនៅអូស្ត្រាលី ទោះបីលោកហាមឃាត់យ៉ាងណាក៏នាងមិនព្រម ទើបលោកសម្រេចចិត្តផ្តិតមេដៃលែងលះ ប្រគល់កូនទាំងបី ឲ្យទៅម្តាយជាអ្នកគ្រប់គ្រង តែមិននឹកស្មានថា អតីតសង្ឃល្បីឈ្មោះ ភុំ មុន្នីរ័ត្ន បានលួចទំនាក់ទំនង ជាមួយប្រពន្ធរបស់ខ្លួន តាំងពីនៅជាសង្ឃនោះឡើយ។ បន្ទាប់ពីលោកបានផ្តិតមេដៃ លែងលះប្រពន្ធបាន៣ខែ អតីតសង្ឃអង្គនោះ ក៏បានសឹក មករៀបការជាមួយប្រពន្ធខ្លួនតែម្តង។
តាមអង្គហេតុ កូនស្រី០២រូប និងកូនប្រុស០១រូប ដែលលោក មាស ឡេង បានប្រគល់ឲ្យទៅម្តាយគ្រប់គ្រង គឺសុទ្ធតែមានអាយុតិចជាង១២ឆ្នាំ អំឡុងពេល រស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ កូនស្រីទាំង០២ របស់លោក ត្រូវបានឪពុកចុងមានឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃផងនោះ បានធ្វើទារុណកម្មជាច្រើនលើក ហើយមានសភាពធ្ងន់ធ្ងរ បង្កស្លាកស្នាមលើរាងកាយ គួរឲ្យខ្លោចចិត្តបំផុត។
ក្រោយពេលដឹងថា ប្ដីចុងអតីតភរិយារបស់លោក ធ្វើទារុណកម្មលើកូនស្រីយ៉ាងធ្ងន់ធ្ងរ ហើយលោកមានទាំងភស្តុតាង និងសាក្សីទៀតនោះ លោកក៏បានដាក់ពាក្យប្ដឹង ទាមទារសិទ្ធិ គ្រប់គ្រងចិញ្ចឹមកូនទាំង៣មកវិញ។ ប៉ុន្តែនៅពេលដែលលោកប្ដឹងទាមទារ សិទ្ធិគ្រប់គ្រងកូនទាំង៣មកវិញនោះ ស្រាប់តែខាងអតីតភរិយា និងប្ដីចុង បានប្ដឹងលោកពីបទ ពង្រត់និងបង្ខាំង មនុស្សខុសច្បាប់ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយសំណូមពរឲ្យលោកជាប់គុក និងទាមទារឲ្យសងជំងឺចិត្ត១០ម៉ឺនដុល្លារទៀតផង។
ការប្តឹងផ្តល់បានអូសបន្លាយរហូត ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ដោយបានកាត់ក្ដីឲ្យជនជាប់ចោទឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃល្បីឈ្មោះ ក្នុងសំណុំរឿងប្រើអំពើហិង្សា លើអនិតិជន ដោយតុលាការបានកាត់ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ ពិន័យជាប្រាក់៤លានរៀល និងសងសំណងរដ្ឋប្បវេណី និងសំណងជំងឺចិត្ត ចំនួន១២លានរៀល ទៅដើមបណ្តឹង។ ប៉ុន្តែសាលក្រម មិនត្រូវបានអនុវត្តទេដោយជនជាប់ចោទ ភុំ មុនីរ័ត្ន បានដាក់ពាក្យប្ដឹងទៅឧទ្ធរណ៍បន្តទៀត។
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសជាសាធារណៈ ដោយវិនិច្ឆ័យសេចក្តីតម្កល់សាលក្រមព្រហ្មទណ្ឌ របស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ជនជាប់ចោទ ភុំ មុនីរ័ត្ន ក៏បន្តប្តឹងសាទុក្ខ ទៅតុលាការកំពូលថែមទៀត។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ តុលាការកំពូល បានប្រកាសសាវនាការជាសាធារណៈ និង តម្កល់សាលដីកាព្រហ្មទណ្ឌ របស់សាលាឧទ្ធរណ៍ភ្នំពេញ ទុកជាបានការពេញទាំងមូលដដែល។
បើទោះបីជាតុលាការទាំងបីថ្នាក់ បានសម្រេចឲ្យលោក មាស ឡេង ឈ្នះក្តីក៏ដោយ តែទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន នៅតែមានសេរីភាពជាធម្មតា និងបានបង្ហោះសារ ឌឺដងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទៅកាន់ដើមបណ្តឹងទៀតផង ទើបនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មេធាវីតំណាងដោយអណត្តិរបស់លោក មាស ឡេង បានដាក់ពាក្យស្នើសុំដីកាស្វែងរកចាប់ខ្លួនទណ្ឌិត ភុំ មុនីរ័ត្ន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អង្គភាពនគរវត្ដមិនបានការទទួលការបកស្រាយពីតុលាការ ក្នុងអង្គហេតុនេះបាននៅឡើយទេ៕

សហការី


ចែករំលែក៖