ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពវាយយុវជនម្នាក់ បំណងប្លន់យកកង់ និងទូរស័ព្ទដៃ ខណៈដែលជនរងគ្រោះកំពុងឈរចាំអ្នកផ្ទះចាក់សោបើកទ្វារឲ្យ ប៉ុន្តែមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរវាលព្រះមេរុហ៍ ផ្ទះលេខ៣៣Eo ផ្លូវលេខ១៧៨ ភូមិ២ ក្រុមទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ រិន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ សម្ភារបាត់បង់គ្មាន ។
តាមប្រភពព័ត៍មានពីឪពុករងជនរងគ្រោះឈ្មោះ បូ រិន អាយុ៥២ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់ បានជិះកង់មួយគ្រឿងទៅដើរលេងនៅខាងក្រៅ លុះពេលយប់ជ្រៅគាត់និងក្រុមគ្រួសារនាំគ្នាចាក់សោទ្វារផ្ទះ រួមចូលទៅសំរាកមុន ។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ក៏បានជិះកង់ត្រឡប់មកដល់មុខផ្ទះ រួចក៏គោះទ្វារឲ្យអ្នកនៅក្នុងផ្ទះបើកទ្វារ ។ បន្ទាប់មកប្អូនប្រុសរបស់ជនរងគ្រោះ ក៏បានងើបមកចាក់សោបើកទ្វារ ដើម្បីឲ្យជនរងគ្រោះចូលផ្ទះ ។
ប្រភពដដែលបន្តថា ខណៈដែលជនរងគ្រោះឈរចាំប្អូនប្រុសបើកទ្វារ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានដើរមកសំដៅរកជនរងគ្រោះ ហើយធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃ និងកង់របស់ជនរងគ្រោះតែម្តង ។ ភ្លាមនោះ ជនរងគ្រោះដឹងខ្លួនទាន់ ក៏បានស្រែកថា «ចោរៗ» បណ្តាលឲ្យជនសង្ស័យភ័យក៏ព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ជួយដេញតាមពីក្រោយជនសង្ស័យ រហូតស្ទាក់ចាប់បាននៅត្រង់ចំណុចខាងមុខវត្ត ឧណ្ណាលោម តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញហើយនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ទៅឲ្យសមត្ថកិច្ចនាំយកទៅសាកសួរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឃាត់ខ្លួនបណ្ដោះអាសន្ន និងចាត់ការតាមនីតិវិធីច្បាប់ ៕ជ្រោយ ពេជ្រ