កម្លាំងទាហានអាមេរិក ប្រមាណជាង១ពាន់នាក់បានឆ្លងកូវីដ-១៩ ហើយពេលនេះមានទាហានស្លាប់ដោយសារកូវីដ-១៩ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាល់កាន់តែខ្លាំងដល់កម្លាំងទាហាន ប៉ះពាល់ដល់សកម្មភាពយោធានៅលើពិភពលោក។
សារព័ត៌មាន Sputnik បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា មានទាហានអាមេរិកម្នាក់បានស្លាប់ ដោយសារកូវីដ-១៩។ យោងតាមការប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ថា កងកម្លាំងឆ្មាំជាតិម្នាក់ នៅញូវចេស៊ី បានស្លាប់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។ ទាហានម្នាក់នេះបានចូលសម្រាក នៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានថ្លែងថា «ថ្ងៃនេះជាថ្ងៃដ៏សោកសង្រេង ចំពោះក្រសួងការពារជាតិអាមេរិក ខណៈយើងបាត់បង់កងកម្លាំងអាមេរិកដំបូងគេ ដ៏សកម្មបម្រើ និងការពារ ដោយសារតែកូរ៉ូណាវីរុស(ហៅកាត់កូវីដ១៩)»។
បើគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មន្ទីរបញ្ចកោណបានប្រកាសថា មានករណីវីរុសកូវីដ១៩ ចំនួន៦៥២នាក់ នៅក្នុងក្រសួងការពារជាតិ (DoD) ។ ភ្នាក់ងារព័ត៌មាន CNBC បានផ្សាយថា ក្នុងចំណោមអ្នកជំងឺទាំងនោះ ៣៤៣នាក់ ជាកងកម្លាំងយោធាបំពេញភារកិច្ចសកម្ម, ១៣៥នាក់ជាជនស៊ីវិល, ១១១នាក់ជាអ្នកនៅក្នុងបន្ទុក និង៦៣នាក់ជាបុគ្គលិកជាប់កិច្ចសន្យា ។ ប្រភពអះអាងថា មានមនុស្ស២នាក់បានស្លាប់នៅក្នុងក្រសួងការពារជាតិនេះ។
គួរបញ្ជាក់ថា ទិន្នន័យចុងក្រោយបំផុតរបស់ Worldometer បានបញ្ជាក់ថា នៅទូទាំងពិភពលោក វីរុសកូវីដ១៩ បានឆ្លងទៅលើមនុស្សជាង ៧៨២ ០០០ នាក់ ក្នុងនោះជាង៣៧.០០០ នាក់បានស្លាប់។ រីឯនៅលើទឹកដីអាមេរិកទាំងមូល មានអ្នកឆ្លងកូវីដ១៩ ជាង ១៦១.០០០ ករណីក្នុងនោះជិត៣.០០០នាក់បានស្លាប់គិតមកត្រឹមពេលបច្ចុប្បន្ននេះ៕ ធី រីណា