ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិប្ដឹងចោទប្រកាន់ថាតែងតែយកដុំថ្មទៅគប់បំផ្លាញផ្ទះសម្បែងពួកគាត់បណ្ដាលឲ្យខូចខាត ។
ករណីឃាត់ខ្លួនបុរសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០ នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះសូ វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិកើតហេតុ ។ចំណែកជនរងគ្រោះឈ្មោះ ម៉ន ធួន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិ សង្កាត់ខាងលើ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍ព្រែកថ្មី បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះសូ វិចិត្រ បានផ្លោះរបងចូលបរិវេណផ្ទះឈ្មោះ ម៉ន ធួន លួចបេះផ្លែមានហូប ពេលនោះជនរងគ្រោះឃើញក៏ស្ដីបន្ទោស រួចជនសង្ស័យក៏ដើរចេញទៅ ។ លុះដល់ថ្ងៃទី៣០មីនាវេលាម៉ោង៤រសៀល ជនសង្ស័យក៏បានយកដុំថ្មគប់ទៅលើផ្ទះជនរងគ្រោះ បណ្តាលឲ្យត្រូវរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AZ-៨៨៩៣ កំពិតទ្វារខាងស្តាំ និងបែកកៅអីជ័រ០១ ។ ពេលនោះជនរងគ្រោះ ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមក ជនសង្ស័យធ្លាប់យកដុំថ្មគប់ទៅលើផ្ទះជនរងគ្រោះចំនួន០៧ដងមកហើយ និងជាមនុស្សប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ស រស្មី