ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ចោរប្លន់៣នាក់ដែលប្រើវិធីធាក់ផ្តួលម៉ូតូជនរងគ្រោះហើយប្លន់បានសម្រេច៦លើក

ចែករំលែក៖

ខេត្តកណ្ដាល ​៖ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បានចាប់ឃាត់​ខ្លួនចោរប្លន់​៣​នាក់​ក្នុង​ចំណោម​​បក្ខ​ពួក​​៩​នាក់​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​និង​រូបថត​ជនសង្ស័យ​ដែល​ផ្ដល់​ជូន​ដោយ​កម្លាំង​នគរបាល​នៃ​អធិការរដ្ឋាន​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឲ្យចូលរួមសហការបង្រ្កាប​។​

ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ទួល​សាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គ​ស្នួ​ក​ម្នាក់​និង​នៅ​ក្នុងភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ លុះ​ក្រោយ​ពេល​ឃាត់ខ្លួន​បាន​នាំ​​ទៅ​សាកសួរ​ទើប​ដឹង​ថា ក្រុម​ចោរ​ខាងលើ​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​នៅ​តាម​ផ្លូវ​បាន​សម្រេច​ចំនួន​៦​លើក​រួច​មក​ហើយ នៅ​ក្នុងភូមិ​សា​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

មន្ត្រីនគរបាលស្រុកអង្គស្នួល​បាន​ឲ្យ​​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួនទាំង៣នាក់​ខាងលើ​​នោះ រួម​មាន​១-​ឈ្មោះ​ប៉ា​ណា រ៉ូ ភេទ​ប្រុស ​អាយុ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ​២-​ឈ្មោះ​ស៊ឹ​ម វ៉ៃ​យុ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកជា ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ និង​៣-​ឈ្មោះ​រឿង រ​ដ្ឋា ​ហៅ​ទុ​យ ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ដោយឡែក​បក្ខពួក​ចំនួន៦​នាក់​ទៀត ក្នុងនោះ​៣នាក់​​កំពុង​រត់គេច​ខ្លួន​ រួម​មាន​១-​ឈ្មោះ​ឈ​ន សាណូ​ត ហៅ​ឈ​ន ពុ​យ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ផ្សារ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជន​នេះ​គឺជា​មេខ្លោង ២-​ឈ្មោះ​សែ សុ​ត្រា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ក្នុងភូមិ​តា​នួន សង្កាត់​កំ​បូល​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ​ណៃ តូ​ណា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃ​កុដិ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។

តាម​ប្រភព​ដដែ​បាន​បញ្ជាក់​ថា រីឯ​៣​នាក់​ទៀត​កំពុង​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​រួម​មាន​១-​ឈ្មោះ​សេង សុ​បញ្ញា​ហៅ​អា​ញ៉ា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ ២-​ឈ្មោះ​ខាន់ សំណាង​ហៅ តុង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​នៅ​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ និង​​៣-​ឈ្មោះ​លន ឆៃ​យុ​ត ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​កម្លាំង នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​តុលាការ​បាន​ចេញ​ដីកាសម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​ម៉ូតូ​)​។

​ចំណែក​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ប្លន់​នោះ ត្រូវ​បាន​ស្គាល់​ម្នាក់​ឈ្មោះ​ចេ​ង សុវណ្ណ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​គោ​ឃុំ​លំហាច ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​តាម​ផ្លូវ​យ៉ាង​កក្រើក​និង​បាន​សម្រេច​ជា​ច្រើន​លើក ហើយ​លើក​ចុង​ក្រោយ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០ បក្ខ​ពួក​ដែល​នៅ​សេសសល់​ពី​ជាប់​ពន្ធនាគារ​បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពី​ក្មេង​ប្រុស​ជំទង់រង​គ្រោះ​ខាងលើ​នៅ​តាម​ផ្លូវជាតិ​លេខ​៤១ ស្ថិត​នៅ​ក្នុងភូមិ​ពន្លឺ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល រួច​គេច​ខ្លួន​បាត់​ស្រមោល​។​

តាមប្រភពដដែលបានបន្តទៀត​ថា ខណៈនោះ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​មាន សំណាង អធិការ​នគរបាល​ស្រុក បាន​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២០ ទើបបាន​ទទួល​ព័ត៌មាន​និង​រូបថត មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​រឿ​ន រ​ដ្ឋា​ហៅ​ទុ​យ ដែល​ផ្ដល់​ជូន​ដោយ​នគរបាល​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។​​ ពេលនោះ​នគរបាល​ស្រុក​អង្គស្នួល​ចុះ​ទៅ​ចាប់ខ្លួន​ជន​នោះ​រួម​បក្ខពួក​២​នាក់​ទៀត នាំ​យក​មក​សាកសួរ ​រីឯ​បក្ខ​ពួក​ដែល​នៅ​សល់​ពី​ការ​ចាប់ខ្លួន​និង​ជាប់​ពន្ធនាគារ​ចំនួន​៣​នាក់​កំពុង​រត់គេច​ខ្លួន​នៅឡើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង​ទៀត​ផង​។ក្រោយ​ពេល​ចាប់ខ្លួន ​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ​១​គ្រឿង​, ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ កណ្តាល​ ១AA-៣៩០៩ ដែលជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

ប្រភពដដែលបន្តថា ​ក្រោយ​ពេល​សួរនាំ​ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ចំនួន​៦​លើក​មក​ហើយ ក្នុង​នោះ​គឺ​លើក​ទី​១-​នៅ​ផ្លូវ​១០០​ម៉ែត្រ ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធាក់​ប្លន់​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា ​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០​ មួយ​គ្រឿង​ លើកទី​២-​នៅ​ចំណុច​មុខ​វត្ត​ចំបក់​ តាម​ផ្លូវ​លេខ​ជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ធាក់​ប្លន់​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៦​ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៩ ​មួយ​គ្រឿង ។

លើក​ទី​៣-​នៅ​ក្នុងភូមិ​រោង​ដំរី ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ធាក់​ប្លន់​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥​ស៊េរី​ឆ្នាំ​២០២០​មួយ​គ្រឿង​។ ទី​៤-​នៅ​ចំណុច​អូ​ក្រាំង​អំបិល តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង ខេត្តកំពង់ស្ពឺ ធាក់​ប្លន់​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០២០​សង់​មួយ​គ្រឿង​។

លើក​ទី​៥-​នៅ​តាម​ផ្លូវជាតិ​លេខ​៤១​ត្រង់​ចំណុច​ម្តុំ​ផ្សារ​វត្ត​អង្គ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ធាក់​ប្លន់​យក​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨​ និង​លើក​ទី​៦-​នៅ​តាម​ផ្លូវជាតិ​លេខ​៤១ ស្ថិត​នៅ​ក្នុងភូមិ​ពន្លឺ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែ​មី​នា ឆ្នាំ​២០២០ ធាក់​ប្លន់​យក​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ។​

ក្រោយ​ពេល​ប្លន់​បាន​សម្រេច​ មេខ្លោង​ឈ្មោះ​ឈ​ន សាណូ​ត ហៅ​ឈ​ន ពុ​យ ជា​អ្នក​យក​ម៉ូតូ​ទៅ​លក់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ យកមកចែក​លុយ​គ្នា​ក្នុង​ម្នាក់​ៗ ជួនកាល​បាន​១០០​ដុល្លារ​ទៅ​១៥០​ដុល្លារ​ប៉ុន្តែ​ពួក​ខ្លួន​ដែល​ជា​កូនក្រុម​មិន​ស្គាល់​ទីកន្លែងលក់​ឡើយ​ហើយ​ក៏​មិនដឹង​ម៉ូតូ​១​គ្រឿង​លក់​បាន​លុយ​ប៉ុន្មាន​ដែរ សហការី

 


ចែករំលែក៖