ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងប្រើដាវដេញកាប់គ្នាត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន៤នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងចំនួនពីរក្រុមធ្វើសកម្មភាពដេញវាយគ្នាដោយប្រើកាំបិត ដែលបង្ករភាពអសន្តិសុខត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដកហូតដាវបានចំនួន០៣ដើម ម៉ូតូចំនួន០១គ្រឿងម៉ាកZOOMER-X ពណ៌ស្លាទុំលាយខ្មៅ សេរីឆ្នាំ២០១៥ ព្រមទាំងឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០២កូនថង់តូច។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំនុចស្រះ១០០ ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ជនសង្ស័យទាំង០៤នាក់ ១/ឈ្មោះ ភ័ក្រ្ត ផុត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ចេង ដាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ៣/ឈ្មោះ ប៊ុត ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ ៤/ឈ្មោះ ស៊ុន លាប ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៤នាក់ ក្រោយពីសមត្ថកិច្ចជំនាញអាវុធហត្ថក្រុងប៉ោយប៉ែតបានសាកសួរហើយ ពួកគេបានឆ្លើយសារភាពថា ពួកគេពិតជាបានយកដាវដេញកាប់ភាគី១ក្រុមទៀតពិតប្រាកដមែនដោយសារមានគំនុំនឹងគ្នាកន្លងមក ចំណែកគ្រឿង០២កញ្ចប់ពួកគេទុកប្រើប្រាស់ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ទៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ដោយ៖ ស សម


ចែករំលែក៖