ខេត្តត្បូងឃ្មុំ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិដា ឃុំត្រួតត្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានទីតាំងសង្វៀនជល់មាន់ បៀ អាប៉ោង យូគីនិងខ្លាឃ្លោក ត្រូវគេបើកលេងយ៉ាងពេញបន្ទុកដូចផ្សារលក់ត្រីនៅចំណុចច្រកដូង៧ដើម ភូមិដា ឃុំត្រួតត្រា ហើយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាបង្ក្រាបឡើយ។
អ្នកភូមិនិយាយថា អ្នកបើកល្បែងស៊ីសងនៅកន្លែងនេះឈ្មោះ ហេង និងឈ្មោះ លឹម មានឥទ្ធិពលខ្លាំងក្លាទើបអាចបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងរលូនហើយមានអ្នកចូលលេងយ៉ាងពពាក់ពពូន គគ្រឹកគ្រេង ស្រែកហ៊ោកញ្រៀវ ។ កន្លងមកកម្លាំងនគរបាលស្រុកបានបង្រ្កាបម្តងហើយតែមិនដឹងរឿងអីមកដល់នៅរសៀល ថ្ងៃអង្គារ ៨កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២០ ពួកគេលួចបើកលេងម្តងទៀត ។ សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង ខ្លាឃ្លោក និងយូគី មួយកន្លែងនេះ សមត្ថកិច្ចខេត្តត្បូងឃ្មុំ មិនព្រមចាត់វិធានការទៅលើមេល្បែងស៊ីសងឈ្មោះ ហេង និង ឈ្មោះ លឹម នោះទេ ធ្វើឲ្យគេមានការសង្ស័យថា មេល្បែងស៊ីសងឈ្មោះ ហេង និង ឈ្មោះ លឹម បានត្រូវរ៉ូវជាមួយមន្ត្រីមានអំណាចទាំងនេះ ជាថ្នូរ នឹងការបែងចែកផលប្រយោជន៍គ្នាតែម្តង ។
តាមការបង្ហើបពីមន្ត្រីខេត្តត្បូងឃ្មុំមួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់អាជ្ញាធរខេត្តត្បូងឃ្មុំ ទេនោះគឺ ឈ្មោះ ហេង និងឈ្មោះ លឹម មិនអាចបើកល្បែងស៊ីសងទ្រង់ទ្រាយ ធំនៅចំណុចច្រកដូង៧ដើម ស្រុកមេមត់ បានឡើយ។
ប្រភពខ្លះទៀតបានឲ្យដឹងថា មេល្បែងស៊ីសងឈ្មោះហេង និងឈ្មោះ លឹម តែងប្រើឈ្មោះថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដើម្បីការពារទង្វើរបស់ពួកគេយ៉ាងក្រអឺតក្រទម។ ក្នុងមួយថ្ងៃៗ មានមនុស្សរាប់រយនាក់ចូលទៅលេងល្បែងបញ្ជល់មាន់ អាប៉ោង និងយូគី ដែលបើកដោយឈ្មោះ លឹម និងឈ្មោះ ហេង ហើយមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចនគរបាលថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ានទៅក្បែរទីតាំងល្បែងស៊ីសងទាល់តែសោះ។
ប្រភពពីអ្នកធ្លាប់ចូលទៅលេងដល់វង់ល្បែងខាងលើនេះបានឲ្យដឹងថា បុគ្គលពីរនាក់នេះតែង អួតអាងពីរឿងមានខ្នងបង្អែករឹងមាំក៏ដូចជាពីរឿងបង់លុយឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទើបអ្វីៗអាចដំណើរការយ៉ាងសុខស្រួល។
ការបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ ជារឿងមួយដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិមិនគួរមើលរំលងឡើយ ខណៈវង់ល្បែងរបស់ឈ្មោះ ហេង និង ឈ្មោះ លឹម ត្រូវអ្នកខ្លះអះអាងថាជាប្រភពចំណូលរបស់មន្ត្រីធំៗក្នុងខេត្តត្បូងឃ្មុំ មួយចំនួន។ ហេតុនេះហើយទើបគេបណ្តោយឲ្យលេងល្បែងស៊ីសងតាមចិត្តមិនខ្វល់ពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលនោះឡើយ ៕ សហការី