ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រារព្ធនៅទីស្ដីការក្រសួងយុត្តិធម៌ ។
លោក អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម និងអង្គពីធី ដោយជាកិច្ចចាប់ផ្ដើម ឯកឧត្តមបានសម្ដែងសេចក្ដីគាវរកិច្ចដ៏ខ្ពង់ខ្ពស់ជូនសម្ដេច និងបានជូនពរលោក កើត រិទ្ធ ឱ្យបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ ក្នុងភារកិច្ចថ្មីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
លោកទេសរដ្ឋមន្ត្រីក៏បានរំលឹកអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងយុត្តិធម៌សម្រេចបានក្នុងរយៈពេលនៃការដឹកនាំរបស់ឯកឧត្តម១៦ឆ្នាំមកនេះ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំពោះការខិតខំបំពេញភារកិច្ចកន្លងមក ។ លោកក៏ទទួលស្គាល់នូវចំណុចខ្វះខាតជាច្រើនទៀត ដោយសង្ឃឹមថា លោក កើត រិទ្ធ នឹងខិតខំដោះស្រាយបញ្ហាបន្តដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ។
ថ្លែងចំណាប់អារម្មណ៍ និងប្ដេជ្ញាចិត្ត លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរំលឹកអំពីកិច្ចការជាច្រើនដែលក្រសួងសម្រេចបានក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា រួមមានការកសាងច្បាប់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការលើកទឹកចិត្តមន្ត្រី ការកសាងអគារក្រសួង និងអគារតុលាការ ការកែលម្អរការផ្ដល់សេវាយុត្តិធម៌ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមិទ្ធផលជាច្រើនទៀត ។
លោករដ្ឋមន្ត្រីថ្មីក៏បានមានប្រសាសន៍ថា សមិទ្ធផលកំណែទម្រង់សំខាន់ៗជាច្រើនក្នុងវិស័យយុត្តិធម៌ ពិសេសការកសាងច្បាប់ដ៏មានសារៈសំខាន់ៗ ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងច្បាប់សំខាន់នានា ក្រោមការដឹកនាំរបស់លោកអង្គ វង្សវឌ្ឍនា កន្លងមក គឺជាសមិទ្ធផលដ៏ធំធេង ដែលនឹងត្រូវចារិកទុកក្នុងប្រវត្តិសាស្ត្រនៃវិស័យច្បាប់ និងយុត្តិធម៌ នៅកម្ពុជា ។
លោក ក៏បានសម្ដែងការដឹងគុណប្រកបដោយកត្តញ្ញូតាធម៌ជូនចំពោះសម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែផ្ដល់អនុសាសន៍ដឹកនាំ បណ្ដុះបណ្ដាល តម្រង់ទិស និងផ្ដល់ឱកាសឱ្យរួមអនុវត្តការងារទាំងការងារបច្ចេកទេស និងនយោបាយ និងលោក អង្គ វង្សវឌ្ឍនា ដែលបានផ្ដល់ឱកាស ការណែនាំ ការតម្រង់ទិស និងការចែករំលែកបទពិសោធន៍ ទាំងទិដ្ឋភាពការងារ នយោបាយ និងសង្គម រួមទាំងបទពិសោធន៍ជីវិត ជាប្រទីបនៃការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និងយុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត ហើយលោកសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុពង្រឹងនីតិរដ្ឋនៅកម្ពុជា ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ។ សម្ដេចបានមានប្រសាសន៍ថាលោក អង្គ វង្សវឌ្ឍនា និងលោក កើត រិទ្ធ គឺជាថ្នាក់ដឹកនាំ និងសហការី ដែលបានបំពេញការងារជាមួយគ្នាជាច្រើនឆ្នាំមកហើយ និងរួមគ្នាសម្រេចបានសមិទ្ធផលជាច្រើន ។
សម្ដេចបានមានប្រសាសន៍ថា លោក កើត រិទ្ធ បានឆ្លងកាត់ការងារជាច្រើននៅក្រសួងយុត្តិធម៌ ចាប់ពីឆ្នាំ២០០៧មក ពោលគឺចាប់ពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋលេខាធិការប្រចាំការ រហូតក្លាយជារដ្ឋមន្ត្រី ។ សម្ដេចក៏បានសម្ដែងការកោតសរសើរលោក ទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ដែលបានចូលបំរើជាតិមាតុភូមិក្នុងនាមជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ជាបន្តបន្ទាប់នារយៈពេល១៩ឆ្នាំមកហើយ ។
សម្ដេចក្រឡាហោមបានរំលឹកថាមុនលោក អង្គ វង្សវឌ្ឍនា ក្រៅពីរដ្ឋធម្មនុញ្ញ កម្ពុជាមិនទាន់មានច្បាប់សំខាន់ៗដូចដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះទេ ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី គឺទើបតែលោកឡើងកាន់តួនាទីនោះហើយ ទើបកម្ពុជាបានបោះជំហានគួរជាទីមោទនៈក្នុងវិស័យកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ។
យ៉ាងណាក៏ដោយទន្ទឹមនឹងសមិទ្ធផលជាច្រើននោះ សម្ដេចក្រឡាហហោម ក៏បានបង្ហាញការកត់សំគាល់ដូចគ្នាដែរ អំពីចំណុចខ្វះខាតមួយចំនួនដែលពាក់ព័ន្ធនឹងកង្វះខាតធនធានមនុស្សក្នុងពេលមានកំណើនសំណុំរឿង ពោលគឺបច្ចុប្បន្ននេះ មិនមានតុល្យភាពឡើយរវាងចំនួនសំណុំរឿង និងចំនួនមន្ត្រីតុលាការនៅកម្ពុជា ។
សម្ដេចបានមានប្រសាសន៍ថាការកកស្ទះសំណុំរឿង កាន់តែមានភាពស្មុគស្មាញ បន្ទាប់ពីការដាក់ឱ្យដំណើរការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គិតមកដល់ពេលនេះ ចំនួនអ្នកជាប់ឃុំក្នុងសំណុំរឿងគ្រឿងញៀនមានជាង២ម៉ឺន២ពាន់នាក់ ។ ដោយឡែកបញ្ហាខ្វះទីតាំងសម្រាប់បំពេញការងារក៏ជាបញ្ហាប្រឈមដែរ ។ សម្ដេចសង្ឃឹមជឿជាក់ថាលោករដ្ឋមន្ត្រីថ្មីនឹងដោះស្រាយបញ្ហានេះនាពេលខាងមុខ ពិសេសបន្ទាប់ពីបញ្ហាកូវីដ១៩មានភាពធូរស្រាល ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីការពង្រឹងប្រព័ន្ធយុត្តិធម៌ ដោយបានស្នើឱ្យក្រសួងយុត្តិធម៌ត្រូវបង្កើនការលើកកម្ពស់សេវាយុត្តិធម៌ ការពង្រឹងជំនឿទុកចិត្ត និងការទប់ស្កាត់ការបំពានដោយអយុត្តិធម៌ក្នុងសង្គម តាមរយៈការពង្រឹងការអនុវត្តច្បាប់ ការពង្រឹងភាពស្អាតស្អំ និងក្រមសីលធម៌មន្ត្រី ការពង្រឹងយន្តការវិន័យ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌ ។
សម្ដេចក៏បានណែនាំឱ្យក្រសួងយុត្តិធម៌ បន្តពង្រឹងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅមូលដ្ឋាន ការកែលម្អរយន្តការដោះស្រាយវិវាទដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព ហើយដើម្បីសម្រេចបានគោលបំណងខាងលើ សម្ដេចបានបន្តថាក្រសួងយុត្តិធម៌ ត្រូវពង្រឹងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ និងកំណែទ្រង់ប្រព័ន្ធយុត្តិធម៌ឱ្យបានត្រឹមត្រូវ ។
ជាមួយគ្នានេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីតុលាការជំនាញនៅថ្នាក់សាលាដំបូង ដែលច្បាប់បានចែងឱ្យមានតុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ ។ ប៉ុន្តែពេលនេះនៅសាលាដំបូងរាជធានីខេត្តមិនទាន់ដំណើរការនៅឡើយទេ ។ សម្ដេចបានណែនាំឱ្យក្រសួងខិតខំឱ្យអស់លទ្ធភាពដើម្បីឱ្យតុលាការជំនាញនេះអាចដំណើរការទៅបាន ដើម្បីឆ្លើយតបនឹងការកកស្ទះសំណុំរឿង ។
ពាក់ព័ន្ធនឹងបញ្ហាកកស្ទះសំណុំរឿង សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការគាំទ្រចំពោះគម្រោងរបស់ក្រសួងយត្តិធម៌ ដែលនឹងបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាជំនុំជម្រះក្ដីនាពេលឆាប់ៗខាងមុខ ដោយសម្ដេចបានប្រកាសផ្ដល់កិច្ចការគាំទ្រនូវរាល់បញ្ហាណាដែលទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។
សម្ដេចបានបន្ថែមថានៅក្នុងការដ្ឋានកំណែទម្រង់ទាំង៤របស់រាជរដ្ឋាភិបាល គឺមានកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានបង្កើតលេខាធិការដ្ឋានសម្របសម្រួលមួយ។ ដូច្នេះសម្ដេចសូមឯកភាព និងគាំទ្រការបញ្ចូលកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ទៅក្នុងលេខាធិការដ្ឋាននោះ ។
មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ នឹងខិតខំរួមគ្នាបំពេញបេសកកម្មបំរើប្រទេសជាតិឱ្យទទួលបានជោគជ័យ និងជូនពរឱ្យជួបប្រទះតែនឹងសេចក្ដីសុខគ្រប់ប្រការ ពិសេសចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ៕ សុខខេមរា