ខេត្តស្ទឹងត្រែង៖ សាកសពបុរសម្នាក់ស្លាប់អណ្តែតទឹក មកទើនៅមាត់កំពង់ទន្លេសេកុង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅម៉ោងប្រមាណជា២០,០០នាទីយប់ ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍លោកជឹម អេន អធិការស្រុកសៀមប៉ាង បានឲ្យដឹងថានៅម៉ោង នឹងថ្ងៃខែខាងលើ លោកទទួលបានព៍ត៌មានពីប្រជាពលរដ្ឋមកថា មានគេប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចខាងលើ លោកក៍បានឲ្យកម្លាំងប៉ុស្តិ៍សេកុង នឹងកម្លាំងអធិការចុះពិនិត្យ ដល់កន្លែងកើតហេតុទៅលើសាកសព តែពុំមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់ ថាជាអំពើឃាតកម្មឡើយ។
លោកបន្តថាសាកសពខាងលើត្រូវបានគេស្គាល់ឈ្មោះ ធឿន ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ រស់នៅលើសួនច្បារមុខវត្តពោធិជ័យ ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ក្រោយពីការពិនិត្យសាកសព ពីគ្រូពេទ្យជំនាញមណ្ឌលសុខភាពស្រុក នឹងឯកភាពពីអាជ្ញាធរភូមិ ឃុំ ស្រុក គណ:កម្មការអាចារ្យវត្ត ដោយមានការសម្របសម្រួលពីរលោកវង្ស សាវ៉ាត ព្រះរាជ្យញារងនៃអយ្យការសាលាដំបូងខេត្ត សម្រេចឲ្យយក សាកសពខាងលើមកបូជា និងមុនព្រះសង្ឃបង្សុកូល ឧទ្ទិសកោសល់ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
ដោយ៖មាស សុផាត