ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនករណីលួចនិងទទួលផលចោរកម្ម

ចែករំលែក៖

កណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីលួចនិងទទួលផលចោរកម្ម យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ញាន រស់ ភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១/ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងទី២/ឈ្មោះ ញាន  រស់ ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ព្រំ ចាន់ថន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿង ម៉ាក Honda Wave ធុនសេ100 ពណ៌ខ្មៅ មានលេខតួ RLHHC08008Y-506469 និងលេខម៉ាស៊ីន HC08E-0809464 ពាក់ស្លាកលេខក្លែងក្លាយលេខ ភ្នំពេញ 1F-1314។
ប្រភពដដែលបន្ដថា កន្លងមក ជនរងគ្រោះបានជួលម៉ូតូម៉ាក Honda Waveឲ្យទៅជនបរទេសជិះ ក្នុងមួយខែ៦០ដុល្លារ លុះមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្រាប់តែជនបរទេសប្រាប់ថា ម៉ូតូដែលខ្លួនជួលនោះ ត្រូវចោរលួចបាត់ហើយ ។ បន្ទាប់ពីមកជនរងគ្រោះក៏បាន ធ្វើការស្រាវជ្រាវ និងស៊ើបរករហូតមកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ១១ និង៣០នាទីទើបដឹងថា ម៉ូតូរបស់ខ្លួននៅផ្ទះរបស់ជនសង្ស័យឈ្មោះ  ញាន រស់ ភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ភ្លាមនោះក៏ដាក់ពាក្យបណ្ដឹងមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់ ។
បន្ទាប់ពីកម្លាំងនគរបាលស្រុកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី ចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ញាន រស់ រួមទាំងដកហូតវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ញាន រស់ សារភាពថា ខ្លួនបានទិញម៉ូតូនេះពីជនមិនស្គាល់អត្ដសញ្ញាណទេ តាមរយៈឈ្មោះ ហេង គឹមហុង ដោយទិញនោះពុំមានឯកសារ និងលិខិតស្នាមអ្វីឡើយ ។ ក្នុងពេលជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង គឹមហុង បន្ដទៀត រួចយកមកធ្វើការសាកសួរ ដោយជនសង្ស័យសារភាពថា  ខ្លួនពិតជាបានទំនាក់ទំនងអោយឈ្មោះ ញាន រស់ មកទិញម៉ូតូ១គ្រឿងខាងលើ ពីបុរសម្នាក់ឈ្មោះ រិន ដែលជាអ្នកស្គាល់គ្នា រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយម៉ូតូនោះគឺគ្មានកាតគ្រី ហើយពេលទិញ-លក់ ក៏ពុំមានធ្វើលិខិតស្នាមអ្វីដែរ ។ ក្រោយពីលក់បានប្រាក់ហើយ ខ្លួនបានប្រាក់(កុំមុយស្យុង)ចំនួន១០ដុល្លារ ពីឈ្មោះ រិន ហើយឈ្មោះ រិន ក្រោយពីលក់បានលុយហើយ ក៏ត្រឡប់ទៅវិញបាត់ទៅ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជ័យ


ចែករំលែក៖