ព័ត៌មានទាន់ហេតុការណ៍៖

សមាគមអ្នកនិពន្ធខ្មែរស្នើចាត់វិធានការលើបទចម្រៀងមួយចំនួនដែលបង្កប់ដោយអត្ថន័យអសីលធម៌ និងប៉ះពាល់ប្រពៃណី

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានបទចម្រៀង៥បទដែលបាននឹងកំពុងចែករំលែក ខ្លាំងលើបណ្តាញសង្គម ត្រូវបានសមាគមអ្នកនិពន្ធខ្មែរចេញលិខិតប្រកាសរិះគន់ចំ ក្រោយពីបទចម្រៀងទាំងនេះត្រូវបានសមាគមលើកឡើងថាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូក្នុងសង្គម។
​បទចម្រៀងទាំងនោះមានដូចជាបទ”ចាក់សាំង”របស់លោក MC Bull បទ “អូនធំ” របស់តារាចម្រៀង សោភា ទេពី បទ”អូនស្អាតពេលស្រាត” បទ”Hot Boy” របស់លោកវណ្ណដា និងបទ”នារីបឹងទំពុន” របស់លោក Tempo Tris។ យោងតាមលិតប្រកាសចំហរបស់សមាគមខាងលើបានលើកឡើងថា បទចម្រៀងស្នាដៃថ្មីនេះមានខ្លឹមសារប៉ះពាល់លើប្រពៃណីវប្បធម៌របស់សង្គមយ៉ាងធ្ងន់ធ្ងរ ដែលបទចម្រៀងទាំងនេះបានធ្វើការផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គម និងយូធូបដោយគ្មានការសុំអនុញ្ញាតិពីក្រសួងពាក់ព័ន្ធ។ លិខិតដដែលបញ្ជាក់ដែរថា សមាគមមិនគាំទ្រទង្វើអសកម្ម និងប៉ះពាល់សីលធម៌សង្គម តាមរយៈបទចម្រៀងនេះជាដាច់ខាត ខណៈដែលអ្នកនិពន្ធបទចម្រៀងទាំងនោះក៏មិនស្ថិតក្នុងសមាជិកអ្នកនិពន្ធខ្មែរ ឬឆ្លងកាត់ការបណ្តុះបណ្តាលពីសមាគមអ្នកនិពន្ធខ្មែរឡើយ។ សមាគមចាត់ទុកដែរថា ការបញ្ចេញបទចម្រៀងទាំងនេះក៏ជាការផ្គើនទៅនឹងការណែនាំជាច្រើនលើកច្រើនសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានហាមការចេញផ្សាយមានការប៉ះពាល់ដល់ភាពថ្លៃថ្នូរ និងសីលធម៌សង្គម។ សមាគមក៏បានចាត់ទុកថាពួកគេទាំងនោះគឺជាកូនៗដែលបំពេញទុក្ខបន្ថែមដល់គ្រួសារដែលកំពុងជួបវិបត្តិ និងការភ័យព្រួយ។ ជាមួយគ្នានេះសមាគមក៏ប្រកាសលើកទឹកចិត្ត និងគោរពសេរីភាពគំនិតច្នៃប្រឌិតរបស់អ្នកនិពន្ធទំនុកច្រៀងទាំងអស់ដែលមិនប៉ះពាល់ភាពថ្លៃថ្នូរនិងសីលធម៌សង្គម ហើយក៏មិនមែនជាស្នាដៃលួចចម្លងស្នាដៃពីកវីនិពន្ធរៀមច្បង។ សមាគមស្នើឲ្យក្រសួងពាក់ព័ន្ធ ដែលមានសមត្ថកិច្ចលើកិច្ចការនេះមេត្តាជ្រាប និងចាត់ការតាមនិតិវិធី។
​គួរបញ្ជាក់ដែរថាកន្លងមកថ្មីៗនេះមហាជនជាច្រើនបានផ្ញើសាររិះគន់យ៉ាងចាស់ដៃលើស្នាដៃនិពន្ធបទចម្រៀងមួយចំនួនដែលបង្កប់ដោយអត្ថន័យមិនសមរម្យរុញឲ្យយុវជនកាន់តែភ្លើតភ្លើងប៉ោឡែ ជាជាងអត្ថន័យអប់រំ ។ ថ្មីៗនេះបទចម្រៀង “ចង់បានប្រពន្ធពីរ” របស់តារាចម្រៀងTempo Trist ក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃផងដែរ។ ទោះជាយ៉ាងណាកន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានធ្វើការលើកទឹកចិត្ត ផ្សព្វផ្សាយ ណែនាំ ដល់បណ្តាលអ្នកនិពន្ធស្នាដៃសិល្បៈទាំងអស់ ពិសេសស្នាដៃបទចម្រៀងឲ្យនិពន្ធនូវស្នាដៃល្អបង្កប់ដោយអត្ថន័យអប់រំសង្គម៕ដោយ៖វឌ្ឍនា


ចែករំលែក៖