ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងជំនាញ បានបង្ក្រាបករណីចោរឆក់ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួចយកមកសាកសួររហូតជនសង្ស័យបានសារភាពថាខ្លួនមានបក្ខពួកជាច្រើននាក់ទៀត ។ បន្ទាប់ពីសាកសួររួច កម្លាំងជំនាញបានធ្វើការបន្តស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់ទៀត ខណៈដែលកំពុងប្រមូលម្តុំគ្នាប្រើប្រាស់គ្រឿងញៀនជាក់ស្តែងនិងដកហូតបាន ម៉ូតូចំនួន២គ្រឿង និងទូរស័ព្ទចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថភ្នំពេញ ដើម្បីឃាត់ខ្លួនបណ្ដោះអាសន្ន និងបន្តនីតិវិធីច្បាប់៕ដោយ៖ស រស្មី