ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមវាយប្លន់យុវជនប្រុសស្រី៣នាក់ប្លន់យកទូរស័ព្ទ៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖​យុវជនប្រុសស្រី៣នាក់ជិះម៉ូតូតាមផ្លូវត្រូវ ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមកធ្វើសកម្មភាព​ វាយបណ្ដាលឲ្យរបួស​​ប្លន់យក​ទូរសព្ទ័​ដៃអស់ចំនួន៤គ្រឿង​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បានដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងនៅម៉ោង​២​និង៥០នាទីរំលងអធ្រាត្រចូល ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវលេខ១៨២​ ស្ថិតនៅក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊ូម័រ អុិច ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1GN-​5884 ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុន​ពេលកើតហេតុរូបគេមានគ្នា៣ជិះម៉ូតូចេញពីម្ដុំវត្តបុទុម ក្នុងគោល​បំណងត្រឡប់ទៅផ្ទះនៅចំការដូងដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមានគ្នាជាច្រើននាក់មកពីក្រោយធ្វើសកម្មភាព​ វាយពួកគេបណ្ដាលឲ្យរបួសបែកក្បាល២នាក់​រួច​ហើយបាន​ប្លន់យកទូរសព្ទ័៤គ្រឿង​ រួចជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព​ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានត្រឹម​តែ​មកនាំជនរងគ្រោះយកទៅអោយដាក់​ពាក្យ​បណ្ដឹងនៅប៉ុស្តិ៍នគរបាល​ អូរឬស្សីទី៣​ ៕ ជ្រោយពេជ្រ


ចែករំលែក៖