ព័ត៌មានទាន់ហេតុការណ៍៖

បាត់ការងារសិល្បៈសន្ធឹក ប៉ុន្តែមាន សូនីតា ជួបលាភធំមួយ

ចែករំលែក៖

ភ្នំពេញ៖ ការងារសិល្បៈជាច្រើនរបស់តារាស្រី មាន សូនីតា ត្រូវបានរាំងស្ទះក្រោយបញ្ហារាតត្បាត នៃជំងឺ​Covid-19 ។ ទោះជាយ៉ាងណា​នាងទទួលបានការងារធំមួយដែលគេដឹងថានាងអាចកើបប្រាក់បានរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។
​ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឲ្យការងារសិល្បៈ និងអាជីវកម្មរបស់តារាប្រុសស្រីល្បីឈ្មោះជាច្រើនផ្អាកដំណើរការ និងដួលរលំ ប៉ុន្តែ តារាសម្តែង ស្រីស្រស់សោភា កញ្ញា មាន សូនីតា ស្រាប់តែទទួលបានឱកាសជាតារាស្រីតំណាងឲ្យក្រុមហ៊ុនឯកទេសថែរក្សាសម្ផស្សមួយមានឈ្មោះថា “TRE” ជ្រើសរើសធ្វើជាតារាតំណាងផលិតផលរបស់ខ្លួនមានរយៈដល់ទៅ ៣ឆ្នាំឯណោះ។ តាមកុងត្រានេះ មានការប៉ាន់ប្រមាណថា សូនីតា អាចនឹងទទួលបានថ្លៃឈ្នួលហត់នឿយរយៈពេល៣ឆ្នាំ ខ្ទង់ជិត ១០ម៉ឺនដុល្លារអាមេរិកឯណោះ។ តារាស្រីរូបនេះទទួលស្គាល់ថា ការងារសិល្បៈជាច្រើនរបស់នាងត្រូវបានរាំងស្ទះមិនខុសពីសិល្បករដទៃទេ ប៉ុន្តែនាងសប្បាយចិត្តដែលទទួលបានឱកាសធំមួយខាងលើ។ សូនីតា បាន​សុំ​សិទ្ធិ​មិន​អធិប្បាយ​លើ​ប្រាក់​ថ្លៃ​ពលកម្ម​របស់​នាង​ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​ទើប​បាន​កុងត្រា​ខាង​លើ​រយៈ​ពេល​៣​ឆ្នាំ​ពិត​មែន​លើ​ផលិតផល​ចំនួន​២ គឺ​ដំណាប់ និង​សំបុក​ត្រចៀក​កាំ។ រាជិនី​ក្រមា បញ្ជាក់​ថា សមិទ្ធផល​នេះ បាន​ប៉ះប៉ូវ​ខ្លះ​លើ​ការ​ធ្លាក់​ចុះ​ចំណូល​ដោយ​សារ​វិបត្តិ​មេរោគ​សាហាវ​ដែល​បាន និង​កំពុង​គំរាម​កំហែង​ពិភព​លោក។ ដូច្នេះ​ហើយ នាង​លើក​ឡើង​ថា នាង​ពិត​ជា​រីករាយ​ចំពោះ​កិច្ច​ព្រមព្រៀង​ការងារ​ខាង​លើ​។កន្លងទៅចាស់ តារាស្រីរូបនេះ ក៏បាន និងបន្តកាន់តួនាទីជាតារាតំណាងផលិតផលឲ្យក្រុមហ៊ុន៣-៤ ក្រុមហ៊ុនរួចទៅហើយដែរ នៅក្នុងនោះ មានទាំងផ្នែកទោចក្រយានយន្ត និងបរិក្ខារអេឡិចត្រូនិកជាដើម។
នាងបញ្ជាក់ថាតាម​ពិត​ទៅ បើ​តាម​កញ្ញា មាន សូនីតា បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ក៏​បាន​មក​ទំនាក់ទំនង​នាង ក្នុង​បំណង​យក​នាង​ទៅ​ធ្វើ​ការងារ​ក្នុង​តំណែង​ដូច​គ្នា​នេះ​ដែរ។ ប៉ុន្តែ​ចុង​ក្រោយ នាង​ក៏​បាន​សម្រេច​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ខាង​លើ ក្រោយ​ពី​បាន​សិក្សា​មើល​ពី​សក្ដានុពល​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​ហើយ ពួក​គេ​ទាំង​ពីរ​បាន​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ការងារ​ជាមួយ​គ្នា​ឆ្នាំ​ទី​១​រួច​រាល់​កាល​ពី​ពេល​ថ្មី​ៗ៕ ដោយ៖វឌ្ឍនា


ចែករំលែក៖