ភ្នំពេញ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេជោ កាលពីថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផងនិង បូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយេីងផង។
សម្តេចតេជោបានបញ្ជាក់ថា “ យើងត្រៀមថវិកានេះសម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់“ ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារអោយពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំអោយពួកគាត់ខ្វះស្បៀងអាហារអោយសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ដែលមានក្នុងប្រទេសរបស់យើងសម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេល”។
សម្តេចសូមអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា៕សុខខេមរា