ខេត្តកណ្ដាល ៖ ជាកាយវិការមនុស្សធម៌ល្អបរិសុទ្ធ ដែលថ្នាក់លើតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់នគរបាលថ្នាក់ក្រោម ជាក់ស្ដែងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំលោកស្នងការរង ,លោកអធិការស្រុក និងប្រតិភូជាច្រើនរូប ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក មិន ប៊ុនឈាន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល ដោយរោគា៍ពាធ ។
ក្នុងពិធីរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនេះដែរ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏ដូចជាប្រតិភូទាំងអស់ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់ជីវិតរបស់លោកវរសេនីយ៍ឯក មិន ប៊ុនឈាន ហើយក៏ដូចជាការបាត់បង់កម្លាំងនគរបាល១រូប ដែលកន្លងមកបានចូលរួមបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រគល់ថវិកាចំនួន ៧,៣០០,០០០រៀល និងប្រាក់ដុល្លារចំនួន១,៨៦០ដុល្លារសហរដ្ឋ អាមេរិក ដល់គ្រួសារ នៃសពលោកវរសេនីយ៍ឯក មិន ប៊ុនឈាន ដើម្បីជួយសម្រួលចាត់ចែងក្នុងការធ្វើបុណ្យផងដែរ។ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិការួច លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត បានជំរុញឲ្យការិយាល័យជំនាញរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីពន្លឿនក្នុងការបើកប្រាក់សមាគមមិត្ដនគរបាលចំនួន៦,០០០,០០០រៀល ជូនគ្រួសារ នៃសពផងដែរ។
ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសព បានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ;លោកស្នងការរង ; ក៏ដូចប្រតិភូទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់យើងខ្ញុំ៕ស្អាង ជ័យ