ព័ត៌មានទាន់ហេតុការណ៍៖

បាក់ស្រុតសំយ៉ាបផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅបុរីកីឡាបង្កការភ្ញាក់ផ្អើលសមត្តកិច្ចទាំងកណ្ដាលយប់

ចែករំលែក៖

ភ្នំពេញ៖មានករណីបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ក្នុងប្លុកបុរីកីឡាបណ្តាលឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចទាំងកណ្តាលយប់ចេញមកជួយអន្តរាគមន៍ជួយសង្គ្រោះយកមនុស្សចេញបានទាន់ពេលវេលា។
ហេតុការណ័បាក់ស្រុតសំយ៉ាបផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង០៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៧ខែមេសាឆ្នាំ២០២០នៅប្លុកបុរីកីឡាតាមបណ្តោយផ្លូវលេខ២១៥កែងផ្លូវលេខ១៤៦ចំណុចផ្ទះលេខ៨៦AEDស្ថិតក្នុងភូមិ៥សង្កាត់វាលវង់ខណ្ឌ៧មករា។
ទីតាំងរងគ្រោះមានម្ចាស់ផ្ទះឈ្មោះចិន សុវណ្ណនី ភេទស្រី អាយុ៣៥ឆ្នាំ មានមុខបររត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋទំនាក់ទំនងតាមទូរស័ព្ទប្រាប់ថាមានករណីបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីកីឡា និងមានមនុស្សជាប់គាំងនៅក្នុងនោះផងដែរ ពេលទទួលបានដំណឹងនោះភ្លាមៗកម្លាំងសមត្ថកិច្ចបាននាំគ្នាចេញជួយធ្វើអន្តរាគមន៍ហៅរថយន្តបង្កានិងពន្លត់អគ្គីភ័យយកជណ្តើរមកដាក់ដើម្បីជួយសង្គ្រោះយកមនុស្សដែលជាប់គាំងចេញមកក្រៅបានផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍បាក់ស្រុតសំយ៉ាបផ្ទះខាងលើមិនបង្កឲ្យមានមនុស្សស្លាប់ឬរងរបួសទេដោយកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលផងដែរ។
ក្រោយកើតហេតុ មនុស្សដែលជាប់ក្នុងកន្លែងបាក់ស្រុតសំយ៉ាបផ្ទះនៅបុរីកីឡានោះត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ទាំងអស់ដោយសុវត្ថភាព៕ធឿនព្រែកជ័យ


ចែករំលែក៖