ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យ សមត្ថកិច្ចត្រូវមានអាកប្ប​កិរិយា​ត្រឹម​ត្រូវចំពោះពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង​ជា​អនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការ​ណែនាំឲ្យសមត្ថកិច្ចត្រូវមានអាកប្បកិរិយាត្រឹមត្រូវចំពោះប្រជាពលរដ្ឋខ្មែរ
ក្នុងការណែនាំឲ្យពួកគាត់ប្រុងប្រយ័ត្ន និងការពារខ្លួននឹងជំងឺកូវីដ-១៩ ខណៈរហូតដល់ពេលនេះប្រទេសកម្ពុជា មិនទាន់ពលរដ្ឋណា​ម្នាក់​ស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ។

សម្ដេចក្រឡាហោម ស ខេង ថា «ការងារនេះមកដល់ពេលនេះ វាមិនបាន​១០០%ទេ យើងជឿចឹងពីព្រោះថា នេះបទបញ្ជាមែន ប៉ុន្ដែគឺមិនអនុញ្ញាត្ត​ឲ្យសមត្ថកិច្ចរបស់យើង ដើម្បីហ្នឹងចាត់វិធានតឹងរឹងរហូតដល់ថា យក​ទោស អ្នកមិនបានគោរពទេ។ គ្រាន់ថា អង្វរក អំពាវនាវឲ្យគាត់យល់ ឲ្យចូលរួមតែប៉ុណ្ណឹងទេ ហើយមានអ្នកខ្លះទៅតាមផ្លូវជាតិ មិនបាន ទៅផ្លូវតូចៗ ហើយអ្នកខ្លះទៀតជិះឡាន តែនៅសល់៣០០ម៉ែត្រចុះដើរ ក៏មានដែរ ចុះដើរហើយគាត់ថា ផ្ទះគាត់នៅខាងមុខនេះ យើងធ្វើម៉េច?»។សម្ដេចបន្ថែមថា«ខ្ញុំតែតែងណែនាំផ្ដល់នូវមតិយោបល់ ធ្វើម៉េច​អាកប្បកិរិយារបស់មន្ដ្រីរបស់យើង គឺមិនត្រូវធ្វើនាំឲ្យប៉ះពាល់ ឬក៏ឈាន់មានការផ្ទុះសាវ៉ាយ អំពើ ហិង្សា ទាំងនោះទេ»។

ក្នុងពិធីប្រគល់រថយន្ដជូនស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារ​មួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះ​ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍​អរគុណ​ទៅដល់សមត្ថកិច្ច និងអាជ្ញាធរទាំងអស់ដែលចូលរួមគាំទ្រ​គោល​ការណ៍​វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងបានអរគុណ​ដល់​មន្ដ្រីក្រសួង​មហា​ផ្ទៃទាំងអស់ដែលបានកាត់ប្រាក់ខែផ្ទាល់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩នេះផងដែរ។

សម្ដេចមានប្រសាសន៍ថា «មកដល់ពេលនេះជំងឺនេះ (ជំងឺកូវីដ) មិនទាន់ស្រាកស្រាន្ដ នៅលើសកលលោកយើងនេះ ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ មានការកើនឡើងយ៉ាងច្រើន ហើយអ្នកស្លាប់ក៏មាន​កើនឡើង។ ដោយឡែកសម្រាប់កម្ពុជារបស់យើងមកទល់ពេលនេះ មាន១២២កំពុងឆ្លង ហើយបានជាសះស្បើយ៧៧ នៅក្នុងពេទ្យ៤៥ ប៉ុន្ដែមិនមានអ្នកស្លាប់ទេ»។

សម្ដេចក្រឡាហោមបន្ដថា ដូច្នេះមានន័យថា ការយកចិត្តដាក់របស់មន្ដ្រី ក្រសួងសុខាភិបាលក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបធ្វើឲ្យជំងឺកូវីដ-១៩ មិនអាចយកឈ្នះបាន។ សម្ដេចក្រឡាហោមក៏សង្ឃឹមថា នាពេលខាង​មុខនេះ នឹងទទួលបានលទ្ធផលល្អកាន់តែប្រសើរ ក្នុងករណីដែលភាគី​ពាក់ព័ន្ធបានខិតខំប្រឹងប្រែង ទប់ស្កាត់នៅជំងឺនេះផងដែរ ប៉ុន្ដែនិយាយ​ដូច្នេះ ភាគីពាក់ព័ន្ធក៏មិនត្រូវបន្ធុលដៃឡើយ ត្រូវតែបន្ដបន្ថែមទៀត ដើម្បីចាត់វិធាន គ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន។ សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាល ចេញវិធានការ មិនឲ្យធ្វើ​ចរាចរណ៍ ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាល​នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង ហើយបានលើកពេល ថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ៕ដោយ៖ សហការី


ចែករំលែក៖