ភ្នំពេញ៖ ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ពិសេសក្នុងស្ថានភាពខ្លះការរកទទួលទាន ពីចំណូលរបស់ប្រជាជន ត្រូវមានកម្រិតទាបជាងសព្វមួយដង។
ករណីជាក់ស្តែងប្រភពចំណូលរបស់អាណាព្យាបាលសិស្ស មានកម្រិតទាបជាងមុនៗ ឈានដល់ពួកគាត់សំណូមពរដល់សាលាឯកជនមួយចំនួន គួរបញ្ចុៈការបង់ថ្លៃការសិក្សា បើរៀនតាមកម្មវិធី Online នោះ។
ប៉ុន្តែករណីនេះក្លាយជាប្រតិកម្មពីអ្នកគ្រូ បុគ្គលិក នៅសាលាអន្តរជាតិ សុី អាយ អេ ភីភី CIA PP INTERNATIONAL SCHOOL ចំពោះការសុំបញ្ចុះការបង់ថ្លៃការសិក្សានេះ។ ម្ចាស់គណនី Facebook មួយឈ្មោះ Sophy Keo អាចជាបុគ្គលិកសាលា CIA បានសរសេរថា៖ ក្នុងនាមនាងខ្ញុំជាបុគ្គលិកម្នាក់នៃសាលាអន្តរជាតិ CIA ខ្ញុំសូមជម្រាបជូនបងស្រីផងដែរថា គ្រូបង្រៀនទាំងអស់បានតស៊ូ ទាំងយប់ ទាំងថ្ងៃ ដើម្បីបំពេញតាមសំណូមពររបស់លោកអ្នកគ្រប់ពេល ក្នុងនោះដោយបញ្ជាក់ថា៖
១-ឆ្លើយសំណួរលោកអ្នកទាំងយប់ ថ្ងៃ.!
២-លោកអ្នកចង់បានរបៀបណា គ្រូខំរៀបចំតាមអស់លោកអ្នកទាំងអស់.!
៣-ខ្ញុំធ្វើការដល់ម៉ោង១២យប់ រៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការ របស់កុមារ និងអាណាព្យាបាលទាំងអស់.!
៤-ប្រសិនបើមិនមាន E-Learning បងស្រីខ្លះបន្ទោសពួកយើងថា សាលាអន្តរជាតិធំណាស់ បើរៀបចំថ្នាក់អនឡាញ មិនកើត កូនក្មេងខាតរៀនអ្នកណាទទួលខុសត្រូវ.!
៥-បងសំណូមពរអោយគ្រូខ្មែរ ប្រើកម្មវិធី Zoom Loom Google Meet ដូចអន្តរជាតិ ពួកយើងបានបំពេញតាមសំណូមពររបស់ បង តើបងដឹងទេថាពួកយើង ស្រាវជ្រាវទាំងយប់ទាំងថ្ងៃ ដើម្បីតម្រូវការរបស់បង.?
៦-បន្ថែមមេរៀនក៏ខុស បន្ថយមេរៀនក៏ខុស..! ។ល។ ..!
គ្រូខ្លះបានសរសេរថា៖ សាលាបានបើកប្រាក់ខែមុនថ្ងៃកំណត់ ព្រោះបុគ្គលិកទាំងអស់ប្រឹងប្រែងណាស់ ដើម្បីផ្តល់សេវាអប់រំមួយដ៏ល្អ សម្រាប់លោកអ្នក។ សាលាបង្រៀនកូនបង ទៅតាមកាលវិភាគសិក្សា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៥រសៀល មិនមែនរៀន១ម៉ោង ដូចបងស្រីក្នុង Comment និយាយនោះទេ.! សាលាបានធ្វើតាមតម្រូវការក្រសួងអប់រំ ក្នុងការរៀបចំអោយមាន E-Learning (ការសិក្សាពីចម្ងាយ)។
ពាក្យដែលគ្រូសាលា CIA និយាយរបៀបចាក់ដោតដល់អាណាព្យាបាល ត្រង់ពាក្យថា៖ (ខ្ញុំជាគ្រូបង្រៀនក៏មានបេះដូងដែរ បងមិនលើកទឹកចិត្តក៏មិនថ្វី ប៉ុន្តែកុំនិយាយបន្ទាបពួកយើងដោយសារតែការតវ៉ារបស់បងពេក.! គ្រូក៏ចេះស្រក់ទឹកភ្នែកដែរ.!.)
បន្ទាប់ពីមានការលើកឡើងបែបនេះ ក៏មានម្ចាស់គណនី Facebook មួយឈ្មោះ Charnay Yann បានបញ្ចេញនូវគំនិត លក្ខណៈប្រៀបធៀបពីផលលំបាក វេទនាចំពោះការរកលុយដូចគ្នា ដោយឆ្លើយតបថា៖ គាត់ជាអ្នកគ្រូនៅសាលាCIA បើអ្នកគ្រូគិតថាអ្នកគ្រូបង្រៀនសិស្ស នឹងមានការលំបាកមែនទេ ក្រែងនឹងជាកាតព្វកិច្ចខ្លួនជាគ្រូ បើគេបង្រៀនកូនគេស្រួលគេមិនបាច់យកទៅដាក់សាលាថ្លៃ ហើយបង់លុយអោយសាលា បង់អោយអ្នកគ្រូឯងទេ ។ ចុះម្តាយឪពុកសិស្សដែលមានការងាររាប់រយជំពូក ហើយត្រូវរកលុយមកបង់អោយសាលា មកបង់អោយអ្នកគ្រូលោកគ្រូនឹងអត់ពិបាកទេមែនទេ ម្តាយឪពុកម្នាក់ៗសុទ្ធតែបេះពីមាត់ពី ក យកមកបង់អោយសាលា មកបង់អោយអ្នកគ្រូលោកគ្រូ តែលទ្ធផលដែរអាណាព្យាបាលទទួលបានគឺ0 ហើយអ្នកគ្រូនៅមានប្រាក់ខែបើកអ្នកគ្រូនៅស្រែកនៅទឹកភ្នែកចុះឪពុកម្តាយសិស្សខ្លះកូនរៀនដល់ទៅ៣ ហើយត្រូវបានបិទអាជីវកម្មដោយសារជំងឺកូវីដ-១៩ តើគេមានលុយណាយកបង់អោយសាលាគេនឹងមិនអាចស្រែកតវ៉ាមិនអាចទឹកភ្នែកបានមែនទេ ..? ។ ម្ចាស់គណនី Facebook ឈ្មោះ Charnay Yann បាន និយាយបែបចំអកវិញផងថា៖ «នេះជាសំដីអ្នកគ្រូនៅសាលាCIAដែលទទួលបានការអប់រំខ្ពស់»…។
សូមបញ្ជាក់ថា៖ សាលាអន្តរជាតិ សុី អាយ អេ ភីភី CIA PP INTERNATIONAL SCHOOL ជាសាលាស្តង់ដារអន្តរជាតិ ការបង់ថ្លៃការសិក្សាខ្ពស់ក៏ពិតមែន តែគុណភាពមាន ដែលអាណាព្យាបាលសិស្សសង្ឃឹមថា លោកគ្រូ អ្នកគ្រូ គួរមានទេពកោសល្យលើវិស័យអប់រំ និងការនិយាយស្តីអោយសមរម្យជាងនេះ ឬបង្កើនការពិភាគ្សាគ្នារកចំណុចកណ្តាលមួយ សមស្របទទួលយកបានទាំងអស់គ្នា ជាវប្បធម៍ខ្មែរស្រឡាញ់ខ្មែរ ក្នុងកាលៈទេសៈចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ នេះផង។
អ្នកខ្លះបានលើកឡើងថា៖ បើរៀនតាម អនឡាញ មិនសូវទទួលបានការក្រេបនូវពុទ្ធិ ច្រើនដូចគ្រូបង្រៀននៅថ្នាក់ផ្ទាល់ទេ , សាលាកាត់បន្ថយនូវចំណាយលើ បុគ្គលិក គ្រូ មើលថែទាំបង្រៀន សន្តិសុខការពារ ចំណាយលើទឹក-ភ្លើង។ល។ ដូច្នេះបើអោយបង់ថ្លៃសិក្សាពេញ គ្មានភាពយោគយល់ ក្នុងកាលៈទេសដូចគ្នា ក៏មិនសមស្របដែរ។
ដូចជាលោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងសាលាឯកជន អាចជ្រាបហើយ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការលេីកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ក្នុងនោះក៏ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ម្ចាស់ទីតាំងដី ដែលត្រូវសម្រាប់ដំណើរការគ្រឹៈស្ថានសិក្សាមួយចំនួន អោយបញ្ចុះតំលៃឈ្នួលតាមភាពជាក់ស្តែង ដើម្បីដោះបន្ទុកមួយចំនួន ដែលរងផលប៉ៈពាល់ពីជំងឺកូវីដ-១៩ និងរកដំណោះស្រាយ ឈ្នៈ ឈ្នៈ សម្រាប់ទាំងអស់គ្នា។
ពាក់ព័ន្ធករណីនេះ អង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពីលោក ត្រាំង លី នាយកគ្រប់គ្រង សសាលាអន្តរជាតិ សុី អាយ អេ ភីភី CIA PP INTERNATIONAL SCHOOL នៅរសៀលថ្ងៃទី១៣ ខែមេសា ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សហការី