ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ការរឹតត្បិតរបស់រាជរដ្ឋាភិបាលគឺដើម្បីតែសេចក្តីសុខ សម្រាប់ប្រជាពលរដ្ឋតែ១មុខប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ហើយការរឹតត្បិតរបស់រាជរដ្ឋាភិបាលគឺដើម្បីតែសេចក្តីសុខ សម្រាប់ប្រជាពលរដ្ឋតែ១មុខប៉ុណ្ណោះ ក្នុងកាល:ទេស:ដែលកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា៖ សូមបងប្អូនប្រជាពលរដ្ឋកុំអោយមានការតក់ស្លុតអោយសោះ កម្ពុជាមិនអោយមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។
ទន្ទឹមនឹងនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីឌ-១៩។
ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រទេសជាតិ ពិតជាត្រូវការបំផុត នូវការលះបង់របស់ពលរដ្ឋម្នាក់ៗ ដើម្បីជាតិយើងរួចផុតពីកូវីដ-១៩ ហើយ ជឿជាក់ថា បងប្អូនជនរួមជាតិអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ និងដើម្បីប្រទេសជាតិយើង។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចហាមប្រាមមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងពីភ្នពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយទៀត គឺជាជម្រើស ដ៏សមស្របបំផុតដែលមិនអាចចៀសវាងបានឡើយនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងក្នុងទស្សនៈ«ការពារប្រសើរជាងព្យាបាល»។
ជាការពិតណាស់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជារដូវកាលសប្បាយជួបជុំក្រុមគ្រួសារញាតិសន្តាន ដ៏សំខាន់បំផុត១ឆ្នាំជួបជុំគ្នាម្តងក៍ពិតមែន តែការជួបជុំនេះ អាចរងផលប៉ះពាល់ជាច្រើន ហើយវាអាចជាគ្រោះធំសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតុរបស់យើងផងដែរ។
ដូច្នេះការលះបង់ក្តីសុខតិចតួច ដើម្បីសេចក្តីសុខច្រើនយូរអង្វែង, ការលះបង់ការសប្បាយឆ្នាំនេះ ដើម្បីការសប្បាយច្រើនឆ្នាំទៅមុខទៀត, ការលះបង់ការជួបជុំឆ្នាំនេះ ដើម្បីការជួបជុំច្រើនឆ្នាំតទៅមុខ, នេះទើបជាការលះបង់ដ៏ត្រឹមត្រូវរបស់យើង។
ពលរដ្ឋម្នាក់ៗត្រូវហ៊ានលះបង់ ដើម្បីជាតិ រួចផុតពីការរីករាលដាលនៃកូវីដ-១៩ នេះចាត់ទុកថា ជាការលះបង់បូជាដ៏អស្ចារ្យ ដើម្បីគ្រួសារ នឹងប្រទេសជាតិយើង៕ដោយ៖ សិលា


ចែករំលែក៖