សារព័ត៌មាន france24 បាននៅថ្ងៃទី១៤ ខែមេសា បានផ្សាយថា ក្នុងរយៈពេល២៤ម៉ោង អ្នកជំងឺ COVID-19 បានបាត់បង់ជីវិត៧៦២នាក់ ដូច្នេះជនរងគ្រោះបាត់បង់ជីវិតកើនឡើងសរុប ១៥ ៧២៩ នាក់ នៅប្រទេសបារាំង ។
កាលពីថ្ងៃទី១៣ ខែមេសា ប្រធានាធិបតី Emmanuel Macron បានប្រកាសបន្តចាក់សោ ឬបិទប្រទេសរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។ លោកបានថ្លែងថា ស្ថានការរាតត្បាតជំងឺ COVID-19 នៅបារាំង បាននិងកំពុងចាប់ផ្តើមមានស្ថេរភាពហើយ ។
មន្ត្រីសុខាភិបាលបារាំងអះអាងថា អ្នកជំងឺ ដែលស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់បានធ្លាក់ចុះបន្តបន្ទាប់៦ថ្ងៃជាប់គ្នា គឺមានតែ៩១ករណី ប្រៀបធៀបកាលពីពេលមុន មានរហូតដល់៦ ៧៣០នាក់ ។
តាមការបញ្ជាក់ផ្លូវការស្តីពីអ្នកជំងឺ COVID-19 មានសរុប ១០៣ ៥៧៣ នាក់ ។ ប៉ុន្តែក្រុមមន្រ្តីជំនាញជឿជាក់ថា តួលេខ អាចមានច្រើនជាងនេះ ដោយអាស្រ័យថា អ្នកខ្លះមិនបានធ្វើតេស្ត ។
គិតមកត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ប្រភពព័ត៌មាន wikipedia ផ្សាយថា អ្នកផ្ទុកវីរុស COVID-19 នៅជុំវិញពិភពលោកកើនឡើង ១ ៩៧៩ ៤៧៧ នាក់ ក្នុងនោះ បាត់បង់ជីវិតកើន ១២៦ ៥៣៩នាក់ និង ៤៨៥ ៦៧៤នាក់បានជាសះស្បើយ បើទោះបីមិនទាន់មានថ្នាំព្យាបាល ឬវាក់សាំងបង្ការជាក់លាក់យ៉ាងណាក៏ដោយ ៕