ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេចគេចខ្លួនបាន៤ថ្ងៃ​ ត្រូវសមត្ថកិច្ចស្ទឹងមានជ័យ៣តាមចាប់ដាក់ខ្នោះ

ចែករំលែក៖

  ភ្នំពេញ ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣​ បានចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែមេសា​ឆ្នាំ២០២០​ស្ថិតនៅត្រង់ចំណុចផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិដំណាក់ធំ៣​សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ ដោយពាក់ព័ន្ធករណីលួចម៉ូតូ។
​    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះអៀង​ ស្នា​ ភេទប្រុស​ អាយុ២១ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ។
ចំណែកជនរងគ្រោះមានឈ្មោះ​ ពៅ សុផា​ អាយុ២៦ ឆ្នាំមានមុខរបរជាអ្នកបកប្រែ​ ស្នាក់នៅខណ្ឌសែនសុខ។
​     តាមសម្តីរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសាឆ្នាំ ២០២០រូបគេបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ០១៦ពាក់ស្លាកលេខកណ្ដាល1T-1755 បានមកឈប់មុខម៉ាតសូគីម៉ិច នៅតាមផ្លូវវេងស្រេង​ កែងនឹងផ្លូវ៣០ម៉ែត្រនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីចូលទៅម៉ាតទិញទឹកសុទ្ធផឹក ។ លុះដល់ពេលម៉ោង៣ និង៣០នាទីខែឆ្នាំដដែលរូបគេបានចេញពីម៉ាតស្រាប់តែមិនបានឃើញម៉ូតូរបស់ខ្លួនទើបបានដឹងថាបាត់ រួចក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។
​     ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ​ លោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចាត់កម្លាំងឱ្យទៅឆែកកាមេរ៉ាសុវត្ថិភាពក៏ឃើញភិនភាគជនសង្ស័យ​រហូតដល់ថ្ងៃទី១៦ ខែឆ្នាំដដែលវេលាម៉ោង ១២ថ្ងៃត្រង់ កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យកំពុងតែដើរតាមផ្លូវ៣០ម៉ែត្រ សមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានឱ្យបងប្រុសពីរនាក់ទៀតយកទៅលក់។
​    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖