ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់ក្នុងថ្ងៃតែមួយដោយគ្រោះថ្នាក់ចរាចរណ៍ដោយឡែកពីគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃតែមួយមានគ្រោះថ្នាក់ចរាចរណ៍២ករណីដោយឡែកពីគ្នា ធ្វើឲ្យមនុស្ស ចំនួន២នាក់ស្លាប់ ។

ករណីទី១៖បង្កគ្រោះថ្នាក់ដោយខ្លួនឯងបើកម៉ូតូទៅបុកជញ្ជាំងរបងក្លោងទ្វារវត្តនៅស្រុកថ្មពួក និងករណីទី២៖ បើកម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយ។ 

 លោកអធិការស្រុកថ្មពួកលោក សៅ សារឿន ឲ្យដឹងថា៖កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ នេះឈ្មោះ ចាន់ ធា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាវេវ សេ១១០ ពណ៍ខ្មៅ គ្មានស្លាកលេខ ក្នុងស្ថានភាពស្រវឹង  បើកក្នុងទិសដៅពីត្បូងទៅជើងលើផ្លូវលំស្ថិតនៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក  ដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោង បានជ្រុលទៅបុកជញ្ជាំងរបងក្លោងទ្វារវត្តថ្មពួក បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក រួចហើយបានបន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន តែដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់តាមផ្លូវ ចំណែកម៉ូតូខូចខាតធ្ងន់ ។  

 ករណីទី២នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យមានករណីគ្រោះថ្នាក់ចរាចរណ៏ មួយបង្កឡើងរវាងម៉ូតូ បុកគោយន្តកន្រ្តៃ ។ 

 លោក  អធិការនគរបាលស្រុកអូរជ្រៅ សែស វិបុល ឲ្យដឹងថា៖ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះឡុក ឡាក់ ភេទប្រុស អាយុ២៥ ឆ្នាំនៅភូមិថ្មសិន សង្កាត់និមិត្តក្រុងប៉ោយប៉ែត បើកបរម៉ូតូម៉ាកស៊ុយស៊ុយគីស្មាស់រីវ៉ូពណ៏ខៀវគ្មានស្លាកលេខ ធ្វើដំណើរពីទិសខាងកើតទៅលិច ពេលដល់ចំណុចកើតហេតុភូមិយាងថ្មី បានបុកគោយន្តកន្ត្រៃ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ចំណែកអ្នកបើកគោយន្តបានបើករត់គេចខ្លួបាត់ ចំណែកសំភារៈយករក្សាទុកនៅអធិការរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖នីម វណ្ណា

 


ចែករំលែក៖