អាហ្វ្រិកខាងត្បូង៖ ក្រោយរដ្ឋាភិបាលប្រកាសបិទឧទ្យានជាតិ Kruger មិនឲ្យដំណើរការបណ្តោះអាសន្ន ដើម្បីរារាំងមនុស្សកុំឲ្យដើរហើរ ចូលទៅក្នុងឧទ្យានជាតិនោះ និងជាចំណែកនៃការទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ដែលកន្លងមកជាកន្លែងសម្បូរមនុស្សណែនណាន់តាន់តាប់ ពេលនេះសត្វទាំងឡាយនៅក្នុងឧទ្យានមានសេរីភាពពេញទី ជាពិសេសបណ្តាសត្វតោ បាននាំគ្នាទៅដេកទៅតាមផ្លូវផងដែរ ។
គួរជម្រាបថា ឧទ្យានជាតិ Kruger នៅអាហ្វ្រិកខាងត្បូង ត្រូវបានរដ្ឋាភិបាលប្រកាសបិទមិនឲ្យដំណើរការបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ ដើម្បីរារាំងមនុស្សកុំឲ្យដើរហើរ ដែលជាចំណែកនៃការទប់ស្កាត់ការរាលដាលកូវីដ-១៩។
ជំនួសឲ្យវាលស្មៅ ក្រុមសត្វតោ បាននាំគ្នាដេកយ៉ាងរីករាយនៅតាមផ្លូវ ក្នុងបរិវេណនៃឧទ្យានជាតិ Kruger។ យោងតាម CNN អនុរក្សឧទ្យានម្នាក់ បានថតទិដ្ឋភាពតាមរយៈស្មាតហ្វូនរបស់ខ្លួន ដោយអះអាងថា ក្រោយភ្លៀងធ្លាក់ ថ្នល់កៅស៊ូ ជាកន្លែងដ៏ត្រជាក់ត្រជុំរបស់សត្វតោទាំងនោះ។
លោក Richard Sowry បានបញ្ជាក់នៅលើរូបថតរបស់ខ្លួនថា៖ «នេះជាពេលវេលាដ៏លំបាកសម្រាប់មនុស្សទាំងអស់គ្នា ដូច្នេះទិដ្ឋភាពនេះ ក៏រួមចំណែកក្នុងមនុស្សទាំងអស់កុំមានការសប្បាយភ្លេចខ្លួនផងដែរ»។
ជាទូទៅ អនុរក្សឧទ្យាន បន្តការងាររបស់ខ្លួនដើម្បីរារាំងការចូលទៅក្នុងតំបន់ឧទ្យាន ក្រោយរដ្ឋាភិបាលប្រកាសបិទដំណើរការបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី២៥ ខែមីនា មក។ «ជាទូទៅ បណ្តាតោរស់នៅក្នុងតំបន់ Kempiana Contractual Park ប៉ុន្តែកាលៈទេសៈនេះ ពួកវាអាចចេញទៅដេកនៅលើផ្លូវផ្សេងទៀតបាន»។ នេះជាការបញ្ជាក់នៅលើ Twitter របស់ឧទ្យានជាតិ Kruger។
អ្នកនាំពាក្យឧទ្យាន បានរំលឹកថា៖ «មនុស្សទាំងអស់ត្រូវតែដឹងច្បាស់ជាមុនថា ពេលមនុស្សអវត្តមាន វាជាពេលដែលបណ្តាសត្វត្រូវមានសកម្មភាពវិញម្តងនៅក្នុងតំបន់ឧទ្យាន»។
ទោះបីជា ទេសចរត្រូវបានហាមប្រាមក៏ដោយ ប៉ុន្តែការដឹកជញ្ជូនចំណីអាហារ ប្រេងសាំង សេវាសន្តិសុខ និងសេវាកម្មបន្ទាន់ ក៏ដូចជាប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មនានានៅតំបន់ឧទ្យាន នៅតែបន្ត ៕ ស តារា