ភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃចន្ទទី២០ខែមេសានេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ស្ថានភាព COVID-19 នៅកម្ពុជានៅមានសភាពផុយស្រួយនៅឡើយ បើទោះបីជារយៈពេល ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ យើងរកមិនឃើញមានករណីឆ្លង COVID-19 ថ្មី ក៏ដោយ។
លោកស្រីអ្នកនាំពាក្យបានព្រមានថា ប្រសិនបើយើងទាំងអស់គ្នាភ្លេចខ្លួននោះយើងនឹងរងនូវ ការវាយលុកពីវីរុស COVID-19 មិនខាន ព្រោះថា នៅបណ្តាប្រទេសមួយចំនួនកំពុងតែរងការវាយ លុកជំងឺ COVID-19នៅឡើយ ។ទន្ទឹមនោះក៏មានប្រទេសចំនួនដែលស្ថានភាព COVID-19 ស្ងប់ស្ងាត់មួយរយៈទៅហើយ តែបែរជាផ្ទុះឡើងវិញដែរ ។
យ៉ាងណាភាពផុយស្រួយនេះលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំភ្លេចខ្លួនឲ្យសោះ ហើយត្រូវបន្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធីការពារនិងរក្សាអនាម័យសម្រាប់ខ្លួនយើងម្នាក់ៗ រួមទាំងការអនុវត្តឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលរួមទាំងរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់នាពេលកន្លងមក ៕ប្រាថ្នា