ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងសិប្បកម្មអារជ្រៀកឈើ៣កន្លែង​ នៅក្នុងឃុំទួលខ្ពស់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចុះបង្ក្រាបសិប្បកម្មអារឈើចំនួន៣កន្លែង គ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិឡពាង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនៅថ្ងៃ ២១ ខែមេសា ឆ្នាំ២០២០ ។

កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតឈើដុំគ្រប់ប្រភេទចំនួន១១៨ដើម ស្មើនឹងជាង៥ម៉ែត្រគូប យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះត្រូវបានលោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងប្រាប់អោយដឹងថា ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចជំនាញបានរកឃើញឯកសារមិនស្របច្បាប់របស់ម្ចាស់សិប្បកម្មដែលបានរត់ការសុំច្បាប់ធ្វើសិប្បកម្ម គឺមានចុះហត្ថលេខាត្រឹមភូមិ ឃុំតែប៉ុណ្ណោះ ។
ម្ចាស់សិប្បកម្មឈើបានប្រាប់ថា ចំពោះឯកសារថតចម្លងនេះ គឺបានពីលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស ដែលជាអ្នករត់ការធ្វើឯកសារនេះ ដែលមានសុពលភាពសម្រាប់១ឆ្នាំ ត្រូវបានចំណាយលុយអស់១កន្លែងៗ ២លានរៀល អោយលោកនាយផ្នែករដ្ឋបាលព្រៃឈើរមាស ។
លោកនាយខណ្ឌបានប្រាប់ថា នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសិប្បកម្មឈើអត់ច្បាប់ចំនួន៣កន្លែង និងអត់មានច្បាប់សន្និធិឈើទុកផងដែរ ដោយសមត្ថកិច្ចដកហូតឈើដុំចំរុះគ្រប់ប្រភេទ ចំនួន១១៨កំណាត់ ស្មើនិង ៥,១៦២ ម៉ែត្រគូប យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីកសាងសុំណុំរឿងតាមផ្លូវច្បាប់ ។ ចំណែកម៉ាស៊ីនអារជ្រៀកឈើចំនួន៥គ្រឿង ត្រូវបានធ្វើកំណត់ហេតុប្រគល់អោយម្ចាស់សិប្បកម្ម រក្សាទុកជាបណ្តោះអាសន្ន រង់ចាំការសម្រេចរបស់តុលាការខេត្ត ។
ពាក់ព័ន្ធនិងការចោទប្រកាន់ទៅ នាយផ្នែករដ្ឋបាលព្រៃឈើរមាស លោក សំ ឬទ្ធី ថាបានរត់ការលើសិប្បកម្មនោះ ត្រូវបានលោកនាយផ្នែករដ្ឋបាលព្រៃឈើរមាសប្រាប់ថា ឯកសារសំរាប់សុំច្បាប់ធ្វើសិប្បកម្មខាងលើនេះ លោកពិតជាបានអោយទៅប្រជាពលរដ្ឋម្ចាស់សិប្បកម្មដើម្បីរត់ការសុំច្បាប់ពិតមែន តែម្ចាស់សិប្បកម្មខាងលើនេះ មិនបានរត់ការស៊ីញ៉េដល់ខណ្ឌ និងមន្ទីរកសិកម្មឡើយ ដែរនេះជាកំហុសពួកគាត់ ចំពោះលុយកាក់លោកនាយផ្នែកបានបដិសេធន៍ថាមិនបានយកពីម្ចាស់សិប្បកម្ម មួយរៀលនោះឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះបានលើកឡើងថា ការបង្រ្កាបបទល្មើសព្រៃឈើនេះ គឺជាចំណុចតូចមួយនៃប្រតិបត្តិការរបស់សមត្ថកិច្ចតែប៉ុណ្ណោះ ព្រោះថានៅក្នុងមូលដ្ឋានស្រុកទឹកផុស សិប្បកម្មអារឈើខុសច្បាប់មានច្រើនណាស់ ដែលមន្រ្តីជំនាញថ្នាក់ក្រោមសំងំស៊ីដាច់ខាងលើ ដែលការបង្រ្កាបនេះគឺគោះទឹកបង្អើលត្រី ដើម្បីចូលទ្រូតែប៉ុណ្ណោះ ព្រោះករណីបែបនេះគឺមានយូរណាស់មកហើយ ។
ប្រជាពលរដ្ឋបានស្នើអោយមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់មេត្តាបញេ្ចញកណ្តាប់ដៃក្នុងប្រតិបត្តិការណ៍នេះបន្តទៀត ដើម្បីចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ កុំបង្រ្កាបតែប៉ុណ្ណឹងហើយឈប់នៅនឹងនោះ ៕ ដោយ៖ ចន្ថា


ចែករំលែក៖