ពានរង្វាន់បាល់ទាត់អង់គ្លេស Premier League នឹងត្រូវគេបញ្ចប់ត្រឹមចុងខែកក្កដា។ ចំណែកក្របខ័ណ្ឌ Champions League និង Europa League នឹងចាប់ផ្ដើមលេងនៅខែសីហា ឆ្នាំ២០២០។
ការប្រកួតប្រជែងពានរង្វាន់ Champions League និង Europa League នឹងចាប់ផ្ដើមក្នុងខែសីហា មុនចាប់ផ្ដើមរដូវកាលថ្មី។ សារព័ត៌មាន The Sun បានអះអាងថា បណ្ដាប្រធាន Premier League និងប្រធាន UEFA លោក Aleksander Ceferin បានកំណត់យកថ្ងៃទី៣១ ខែកក្កដាជាថ្ងៃបញ្ចប់ក្របខ័ណ្ឌលីកកំពូលអង់គ្លេស ដើម្បីរកម្ចាស់ជើងឯកថ្មីរដូវកាល២០១៩-២០២០។
ដោយឡែកលោក Lars Christer Olsson ប្រធានក្របខ័ណ្ឌពានរង្វាន់អឺរ៉ុប (European Leagues) បានឱ្យដឹងថា «មហិច្ឆតាគឺចុងខែ៧ ត្រូវបញ្ចប់លីគក្នុងស្រុក បន្ទាប់មកពួកយើងនឹងព្យាយាមលេងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់អឺរ៉ុបក្នុងខែសីហា។ វានឹងមានការបត់បែនពី UEFA។ យើងនៅតែជឿជាក់លីគក្នុងស្រុកអាចបញ្ចប់បាន។ ប្រទេសជាច្រើននឹងធ្វើដែរ បើទោះលេងបិទទ្វារគ្មានអ្នកគាំទ្រ»។
លីកកំពូលអង់គ្លេស Premier Leaguមាន២០ក្លិប នឹង ប្រជុំផ្សេងទៀតនៅថ្ងៃទី១ ខែឧសភា ដើម្បីលើកឡើងពីការព្រួយបារម្ភផ្សេងៗដែលអាចកើតមាននៅពេលប្រកួតខាងមុខ ៕