ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ បន្តធ្វើចត្តាឡីស័កលើកម្មករ-កម្មារិនី៤១នាក់ នៅវិទ្យាល័យឬស្សីកែវ រកឃើញបុរសម្នាក់មានបញ្ហាសុខភាពត្រូវបានដាក់ឲ្យនៅដោយឡែកពីគេ

ចែករំលែក៖

ភ្នំពេញ៖ គិតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានទទួលបានកម្មករ-កម្មារិនីចំនួន ៤១នាក់ ប្រុស៧នាក់ មកពីរោងចក្រនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ខណៈដែលទើបត្រឡប់មកពីតាមបណ្តាខេត្ត ដើម្បីធ្វើចត្តាឡីស័ក​ ពិនិត្យសុខភាពពួកគាត់ទាំងអស់ ។ បន្ទាប់ពីពិនិត្យរួច ឃើញថាសុខភាពពួកគាត់ល្អត្រូវបានមន្រ្តីក្រសួងការងារចេញលិខិតបញ្ជាក់សុខភាពកម្មនិយោជិក ឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ដើម្បីយកលិខិតបញ្ជាក់សុខភាពនេះ ជូនដល់អាជ្ញាធរមូលដ្ឋានតាមដានបន្តទៀតរយៈពេល១៤ថ្ងៃ ។

ដោយឡែកក្នុងនោះដែរ ក៏មានបុរសម្នាក់ គាត់មានបញ្ហាសុខភាពបំពង់ក ត្រូវបានក្រុមការងារដាក់ឲ្យគាត់នៅដាច់ដោយឡែកពីគេ និងបញ្ជូនគាត់ទៅទីតាំងចត្តាឡីស័ក QC1 នៅវិទ្យាល័យជម្ពូវ័ន ដើម្បីតាមដានសុខភាពគាត់បន្តទៀត ។

លោកជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះថា ការដាក់កម្មករ-កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ គឺធ្វើឡើងដើម្បីសុខមាលភាពរបស់កម្មករ-កម្មការិនី ដែលបម្រើការនៅតាមរោងចក្រទាំងអស់គ្នា។

លោក ជា ពិសី បន្តថា ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជារាជរដ្ឋាភិបាល យើងអត់យកទោសពៃអីទេ ការដាក់ឱ្យកម្មករ-កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើតដាក់ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺធ្វើឡើងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ កម្មករ-កម្មការិនីទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់វិធានការក្តៅចំ​ពោះកម្មករ-កម្មការិនីណា ដែលឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ដោយគ្មានការអនុញ្ញាត នៅពេលវិលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងគ្មានប្រាក់​​​ឈ្នួល។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីក្រើនរំលឹកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមអនុវត្តគោលការណ៍ ធ្វើចត្តាឡីស័ក កម្មករ-កម្មការិនី រយៈពេល១៤ថ្ងៃ ចំពោះអ្នកណា ដែលឈប់សម្រាកគ្មានច្បាប់អនុញ្ញាត្ត៕ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖