ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកប្រមើលថា ប្រាក់ផ្ញើចេញរបស់ពលករចំណាកស្រុកនឹងធ្លាក់ចុះខ្លាំង ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោកត្រូវបានរំពឹងទុកថានឹងធ្លាក់​ចុះ​​យ៉ាងខ្លាំងចំនួនប្រមាណជា២០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិ​ បណ្តាមកពីការរាលដាលជំងឺកូវីដ១៩ និងការបិទសកម្មភាពសេដ្ឋកិច្ចសឹង​តែគ្រប់​ផ្នែក​ទាំងអស់។មូលហេតុនាំឱ្យមានការធ្លាក់ចុះក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មានក្នុង​ប្រវ​ត្តិ​សាស្ត្រថ្មីកន្លងទៅនេះ គឺ មួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍និង​ការ​ងារ​របស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយបាត់​បង់​ការ​ងារ​និង​ប្រាក់​បៀ​វត្សរ៍មុនគេនៅក្នុងបណ្តាប្រទេសដែលពួកគេកំពុងធ្វើការកាលណាមានវិបត្តិ​សេដ្ឋ​- កិច្ចកើតឡើង។

លំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម(LMICs) ត្រូវ បានព្យា​ករណ៍​ទុកថានឹងស្រុតចុះប្រហែល១៩,៧ភាគរយគឺសមមូលនឹង៤៤៥ប៊ី លាន ដុល្លារអាមេរិកដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុចិញ្ចឹមជីវិតដ៏សំខាន់មួយ សម្រាប់ គ្រួសារងាយរងគ្រោះ។

ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុកបាន ជួយសម្រាលភាពក្រីក្រនៅតាមប្រទេសមានចំណូលទាបនិងមធ្យម,ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង,រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និង ជួយកាត់​បន្ថយពលកម្មកុមារនៅតាមគ្រួសារទីទ័លក្រ។ប៉ុន្តែកាលណាចំនួន​ប្រាក់ផ្ញើចេញ​ធ្លាក់​ចុះ​​វានឹងជះផលមិនល្អទៅលើលទ្ធភាពចាយវាយ​របស់គ្រួសារនានា​ទៅលើផ្នែក​ទាំង​នេះ​ដោយសារតែគេចាំបាច់ត្រូវបង្វែរធនធានហិរញ្ញវត្ថុកាន់តែ​ច្រើនទៅដោះស្រាយ​បញ្ហា​​ខ្វះខាតស្បៀងអាហារនិងសេចក្តីត្រូវការបន្ទាន់នៅក្នុងជីវភាពរស់នៅជាមុន​សិន។

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោកមានប្រសាសន៍ថា៖ «ការផ្ញើ​ប្រាក់មកពីក្រៅជាប្រភពចំណូលដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ឱន​ភា​ព​សេដ្ឋកិច្ចដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះបង្កការប៉ះទង្គិច​យ៉ាង​ដំ​ណំ​​លើលទ្ធភាពរបស់ពលករក្នុងការផ្ញើលុយទៅផ្ទះ អាស្រ័យហេតុនេះវាកាន់តែ​សំ​ខា​ន់​​ថែមទៀតដែលយើងត្រូវខិតខំធ្វើយ៉ាងណាឱ្យ​សេដ្ឋកិច្ចនៃប្រទេសជឿន​លឿនឆាប់​ងើប​​ឡើងវិញ»។

លោក ម៉ាល់ប៉ាស់ ពោលបន្ថែមទៀតថា៖ «ប្រាក់ផ្ញើពីក្រៅជួយដល់ក្រុម​គ្រួសារ​ក្នុង​ការចាយវាយលើស្បៀងអាហារ,លើការថែទាំសុខភាព,​និងលើសេចក្តីត្រូវការ​ចាំ​បា​ច់ជាមូលដ្ឋានផ្សេងៗ។ ក្នុង​ខណៈដែលក្រុមធនាគារពិភពលោកអនុវត្តវិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយដើម្បីជួយដល់ប្រទេសដែលជួបការលំបាកយើងកំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរប្រាក់ចេញឱ្យនៅដំណើ​រការដដែលនិងជួយ​សហ​គម​ន៍ក្រីក្រឱ្យមានលទ្ធភាពទទួលបានរាល់តម្រូវការចាំបាច់បំផុតទាំងនេះ សម្រាប់​ទ្រទ្រង់​ការរស់នៅប្រចាំថ្ងៃ»។

ក្នុងន័យនេះ ធនាគារពិភពលោកកំពុងតែជួយដល់ប្រទេស​ដែលជាសមាជិក​របស់​ខ្លួន ​នៅក្នុងការតាមដានទៅលើរំហូរប្រាក់ផ្ញើចេញតាមរយៈបណ្តាញនានា, ទៅលើថ្លៃ​ចំណាយនិងភាពងាយស្រួលក្នុងការផ្ញើលុយទៅស្រុកនិងទៅលើបទប្បញ្ញត្តិសម្រាប់ការ​ពារសុចរិតភាពហិរញ្ញវត្ថុដែលមានឥទ្ធិព​លទៅលើរំហូររបស់ប្រាក់ផ្ទេរ។ ក្រុមធនាគារ​ពិភពលោកកំពុងធ្វើសហការគ្នាជាមួយក្រុមប្រទេសG20និងជាមួយសហគមន៍​អន្តរ ​ជា​តិ​ ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្ទេរប្រាក់ និងជួយបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ​សម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ។

លំហូរការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថានឹងស្រុតចុះនៅគ្រប់តំបន់ទាំងអស់ ដែល​មានវត្ត​មាន​ប្រតិបត្តិការរបស់ក្រុមធនាគារពិភពលោក ពិសេសនៅក្នុង​តំបន់​អឺរ៉ុប​និង​អាស៊ីកណ្តាល (២៧,៥ភាគរយ),តំបន់សាប់សាហារ៉ាក្នុងទ្វីបអាហ្វ្រ៊ិក (២៣,១​ភាគ​រយ), តំបន់អាស៊ីខាងត្បូង(២២,១ភាគរយ),តំបន់មជ្ឈិមបូព៌ានិង​អាហ្វ្រ៊ិក​ខាងជើង​(១​៩​,​៦ភាគរយ), តំបន់អាមេរិកឡាទីននិងការ៉ាអ៊ីប (១៩,​៣ភាគរយ), និងតំបន់​អាស៊ី​បូព៌ា និងប៉ាស៊ីហ្វ៊ិក (១៣ភាគរយ)។

ការធ្លាក់ចុះនូវលំហូរការផ្ញើប្រាក់ចេញនៅក្នុងឆ្នាំ២០២០យ៉ាងគំហុកនេះកើត​ឡើ​ង​​បន្ទាប់ពីប្រទេ​សមានចំណូលទាបនិងមធ្យមទទួលបានប្រាក់ផ្ទេរពីក្រៅ​មានចំនួន​រហូត​ដល់​ទៅ៥៥៤ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ដែលជាកំណត់ត្រាខ្ពស់មួយ។ ទន្ទឹម​នឹងការធ្លាក់ចុះកាន់តែខ្លាំងរបស់វាលំហូរ​នៃការផ្ញើប្រាក់ចេញត្រូវបាន​រំពឹងទុកថា​នឹង​កាន់តែមានសារៈសំខាន់ខ្លាំងថែមទៀត ក្នុងន័យជាប្រភពហិរញ្ញប្បទានមកពី​ក្រៅ​សម្រាប់បណ្តាប្រទេសមានចំណូលទាបនិងមធ្យមពិសេសក្នុងពេលដែ​ល​ការវិនិយោគ​ផ្ទាល់ពីបរទេសនឹងមានការធ្លាក់ចុះក្នុងបរិមាណកាន់តែធំ (ជាង ៣៥ភាគរយ)។

ក្នុងឆ្នាំ២០១៩ លំហូរនៃការផ្ញើប្រាក់ពីប្រទេសនានា​ទៅកាន់ប្រទេសមាន​ចំណូល​ទាប​និងមធ្យម មានបរិមាណធំជាងបរិមាណនៃការវិនិយោគផ្ទាល់ពីបរទេស ដែលជា​ចំណុចគោលយ៉ាងសំខាន់មួយសម្រាប់ប្រើក្នុងការតាមដានរំហូរធនធានទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

សម្រាប់ឆ្នាំ២០២១ធនាគាពិភពលោកធ្វើការប៉ាន់ប្រមាណថា៖ការផ្ញើប្រាក់ចេញ​ទៅ​កាន់ប្រទេ​ស​មានចំណូលទាបនិងមធ្យមនឹងងើបមុខឡើងវិញ​ដោយវានឹងកើន​ប្រហែ​ល៥,៦ភាគរយគឺមានចំនួ​ន​ប្រហែល ៤៧០ប៊ីលានដុល្លារអាមេរិក។ ចក្ខុវិស័យ​សម្រាប់ការផ្ញើប្រាក់ចេញនឹងនៅតែមានភាពមិនប្រាកដប្រជាដរាបណាដែលជំងឺកូវីដ១៩នៅតែបន្តជះការប៉ះទង្គិចទៅលើចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ចទូទាំងសាកលលោក និងទៅលើវិធានការទាំងឡាយសម្រាប់ទប់ស្កាត់ការរាលដាលរបស់ជំងឺនេះ។ កន្លងមក ការផ្ញើប្រាក់ចេញនៅតាមប្រទេសមានលំនាំផ្ទុយពីវដ្តធម្មតា គឺពេលណា​មាន​វិបត្តិនិងការលំបាកកាន់តែខ្លាំងនៅឯផ្ទះពលករផ្ញើលុយទៅផ្ទះកាន់តែច្រើនដែរ។ផ្ទុយ​ទៅ​វិញលើកនេះការរាលដាលរបស់ជំងឺនេះបានបង្កការប៉ះទង្គិច​ទៅលើប្រទេស​ទាំង​អស់​នៅលើពិភពលោកដោយបង្កើតឱ្យមានភាពមិនប្រាកដប្រជាកាន់តែ​ច្រើនឡើង​ៗ​។

លោកមីខាល់ រូតកូវស្គី នាយកផ្នែកគាំពារសង្គមនិងការអនុវត្ត​ការងារសាកល​នៅ​​ធនាគារពិភពលោក មានប្រសាសន៍ថា៖«ពេលនេះប្រព័ន្ធគាំពារសង្គម​ប្រកប​ដោយ​ប្រសិទ្ធភាពពិតជាមានសារៈសំខាន់ណាស់​ដើម្បីការពារជន​ទីទ័លក្រនិង​ជនងាយរង​គ្រោះ​ក្នុងពេលមានវិបត្តិនេះទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និង​ប្រទេសមាន​សេដ្ឋ​កិច្ចជឿនលឿន។នៅតាមប្រទេសជាម្ចាស់ស្រុកអន្ត​រា​គមន៍ផ្នែកគាំពារសង្គម គួរតែ​ជួយ​គាំទ្រដល់ពលករចំណាកស្រុកផងដែរ»។

នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០នេះ នៅទូទាំងសាកលលោក ការផ្ញើប្រាក់២០០​ដុល្លារ ចេ​ញ​ទៅកាន់ប្រទេសមួយទៀតត្រូវចំណាយថ្លៃជាមធ្យម៦,៨ភាគរយ នៃចំនួន​ទឹកប្រាក់នោះថែមទៀតដែ​លទាបជាងតែបន្តិចទេប្រៀបទៅនឹងឆ្នាំកន្លងទៅ។តំបន់​អនុ​សាហារ៉ាអាហ្វ្រ៊ិកនៅតែមានថ្លៃចំណាយនេះខ្ពស់ជាងគេគឺជិត៩ភាគរយក្នុង​ពេល​ដែល​ពលករចំណាកស្រុកក្នុងរង្វង់តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក មានចំនួនដល់​ទៅជាង​ពីរ​ភាគបី នៃការធ្វើចំណាកស្រុកអន្តរជាតិពីតំបន់ទាំងមូល។

លោក ឌីលីប រ៉ាថា អ្នកសរសេរអត្ថបទសង្ខេបនិងជាប្រធានផ្នែក KNOMAD និយា​យ​ថា៖ «ជំនួយចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពរបស់ពលករ​ចំណាកស្រុក​និងក្រុម​គ្រួសាររបស់គេគឺការដាក់ចេញវិធានការឱ្យបានឆាប់ៗសម្រាប់​សម្រួលដល់​ការផ្ញើ​ប្រាក់​ចេញនិងការទទួលប្រាក់។ វិធានការទាំងនោះរួមមានការចាត់ទុកសេវា​ផ្ញើប្រាក់ចេញ​ថា​ជាសេវាមានសារៈសំខាន់ស្នូលនិងធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់​ពលករ​ចំណាក​ស្រុកប្រើប្រាស់បាន។»

និន្នាការនៃការផ្ញើប្រាក់ចេញតាមតំបន់

នៅក្នុងឆ្នាំ២០១៩លំហូរនៃការផ្ញើប្រាក់ចេញទៅកាន់តំបន់អាស៊ីបូព៌ា​និងប៉ាស៊ី​ហ្វិក​កើនបានប្រហែល ២,៦ភាគរយ ឬ ចំនួន១៤៧ប៊ីលានដុល្លារអាមេរិកប៉ុន្តែវា​ទាបជាង​ប្រ​ហែ​​ល៤,៣ភាគរយប្រៀបធៀបទៅនឹងអត្រាកំណើននៅក្នុងឆ្នាំ២០១៨។ក្នុងឆ្នាំ​២០​២​០​នេះលំហូរការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថានឹងធ្លាក់ចុះ១៣ភាគរយ។ ការថយចុះ​នេះ​​ត្រូវបានរំពឹងទុកថាបណ្តាលមកពីការថមថយរំហូរប្រាក់ផ្ញើចេញពីសហរដ្ឋអាមេរិក ដែលជា​ប្រភពធំជាងគេនៃការផ្ញើប្រាក់មកចូលតំបន់នេះ។ ប្រទេសមួយ​ចំនួន​ដែល​ពឹង​ផ្អែកលើប្រាក់ផ្ញើមកពីក្រៅប្រទេសតួយ៉ាងប្រទេសបណ្តាកោះប៉ាស៊ីហ្វ៊ិកនឹងមាន​គ្រួសារ​ច្រើនជួបហានិភ័យដោយសារការធ្លាក់ចុះនៃចំណូលប្រាក់ផ្ញើមកពីក្រៅនៅក្នុង​កំឡុង​ពេល​នេះ។ ក្នុងឆ្នាំ២០២១ គេរំពឹងទុកថាតំបន់នេះនឹងទទួលបានកំណើនងើប​មកវិញ​ដល់​ទៅ៧,៥ភាគរយ។

ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ថ្លៃចំណាយ​លើសេវាផ្ញើប្រាក់២០០ដុល្លារអាមេរិកទៅកាន់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកធ្លាក់មកនៅអត្រាត្រឹម៧,១៣ភាគរយប្រៀប​ធៀបទៅនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០១៩។ទូទាំង​តំប​ន់​មានប្រទេសច្រករបៀងប្រាំ ដែលមានថ្លៃចំណា​យទាបបំផុតជាមធ្យមត្រឹម​តែ២,៦​ភាគ​រយទេប៉ុន្តែក៏មានច្រករបៀងប្រាំផ្សេងទៀតដែលមានថ្លៃចំណា​យ​លើសេវានេះខ្ពស់​ជា​មធ្យម​រហូតដល់ទៅ ១៥,៤ភាគរយ គិតត្រឹមឆមាសទី៤ ឆ្នាំ២០១៩។

ក្នុងឆ្នាំ២០១៩ ការផ្ញើប្រាក់ចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ីកណ្តាល នៅមានសភាពស្វាហាប់នៅឡើយ គឺកើនបានជិត៦ភាគរយដល់ទៅ ៦៥ប៊ីលានដុល្លារ​អាមេរិក។ប្រទេសអ៊ុយក្រែននៅតែជាអ្នកទទួលបានចំណែកធំ​ជាងបង្អស់នៃប្រាក់ផ្ញើ​នៅ​ក្នុងតំបន់គឺរហូតជិតដល់ទៅ១៦ប៊ីលានដុល្លារដែលជាកំណត់ត្រាមួយខ្ពស់។ទន្ទឹម​គ្នា​នេះបណ្តាប្រទេសដូចជាសាធារណរដ្ឋគៀរហ្គីស,តាហ្ស៊ីគីស្ថាន,និងអ៊ុស​ប៊ែកគី​ស្ថាន ដែលសេដ្ឋកិច្ចមិនសូវពឹងផ្អែកលើការផ្ញើប្រាក់មកពីក្រៅបានទទួលផលពីការស្ទុះ​ងើប​នៃ​សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ី។នៅក្នុងឆ្នាំ២០២០ទំហំនៃការផ្ញើ​ប្រាក់មក​ពី​ក្រៅត្រូវបានរំពឹងទុកថានឹងធ្លាក់ជិត២៨ភាគរយដោយសារកត្តាគួបផ្សំ​គ្នានៃ​ផលប៉ះ​ទង្គិច​ពីសំណាក់ការរាលដាលជំងឺកូរ៉ូណា និងការធ្លាក់ចុះថ្លៃប្រេង។

ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ថ្លៃចំណាយ​លើ​សេវាផ្ញើប្រាក់២០០ដុល្លារអាមេរិកទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបនិងអាស៊ីកណ្តាល ស្រុតចុះបន្តិចមកនៅត្រឹមអត្រា ៦,៤៨ភាគរយ ពី ៦,៦៧ភាគរយនៅក្នុងឆ្នាំកន្លងទៅ។ថ្លៃសេវានេះនៅតាមច្រករបៀងទូទាំងតំបន់មានអត្រាខុសគ្នាច្រើនជាពិសេ​សការផ្ញើ​ប្រាក់​ចេញពីប្រទេសតួរគីទៅកាន់ប្រទេសប៊ុលហ្គារីត្រូវបង់ថ្លៃសេវាខ្ពស់ ក្នុងពេល​ដែល​ថ្លៃសេវានេះមានទាបទៅវិញនៅក្នុងការផ្ញើចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាហ៊្សែបៃហ្សង់។

ក្នុងឆ្នាំ២០១៩លំហូរនៃការផ្ញើប្រាក់ចេញទៅកាន់តំបន់អាមេរិកឡាទីននិង​ការ៉ា​អ៊ីប កើនបាន ៧,៣ភាគរយ ដល់ទៅ ៩៥ប៊ីលានដុល្លារអាមេរិក។ កំណើននៃការរំហូរ​ចូល​ប្រាក់ផ្ញើនេះមានកម្រិតខុសៗគ្នានៅតាមប្រទេសក្នុងតំបន់។ ប្រទេសប្រេស៊ីល, ហ្កាតេ​ម៉ាឡា និង ហុងឌូរ៉ាស់ទទួលបានកំណើនប្រាក់ផ្ញើពីក្រៅដល់ទៅជាង១២ភាគរយក្នុ​ង​ឆ្នាំ២០១៩។ប្រទេសកូឡុំប៊ី, អេក្វាឌ័រ, នីការ៉ាហ្កា និងប៉ាណាម៉ាទទួលបាន​កំណើន​ជាង ៦ភាគរយ តែផ្ទុយទៅវិញ នៅប្រទេសបូលីវី និងប្រទេសប៉ារ៉ាហ្កាយ កំណើននៃ​ការផ្ញើ​ប្រាក់ពីក្រៅធ្លាក់ចុះជិត ៣,៨ភាគរយ និង២,២ភាគរយរៀងៗខ្លួន។ក្នុងឆ្នាំ២០២០​លំហូរ​ប្រាក់ផ្ញើចេញទៅកាន់តំបន់ត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះជិត១៩,៣ភាគរយ​។

​ ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ការផ្ញើប្រាក់​ចេញ២០០ដុល្លារត្រូវបង់ថ្លៃចំណាយលើសេវាជាមធ្យម៥,៩៧ភាគរយ។ក្នុងកំឡុង​មាន​វិបត្តិកូវីដ១៩នេះថ្លៃសេវាលើការផ្ញើប្រាក់ចេញទៅកាន់តំបន់​អាចនឹងឡើងថែម​ទៀត ដោយ​សារតែបញ្ហាប្រឈមជាច្រើន​ដែលប្រតិបត្តិកររកស៊ីក្នុងផ្នែកនេះកំពុងជួបប្រទះ​នៅ​ក្នុងប្រតិបត្តិការរបស់ខ្លួន(ដូចជាការបិទការិយាល័យនិងសាខាភ្នាក់ងារ,ការ​លំបា​ក​ខ្សត់សាច់ប្រាក់, អត្រាប្តូរប្រាក់, បញ្ហាសន្តិសុខជាដើម) និងបញ្ហាអនុលោម​ភាពតាម​បទប្ប​ញ្ញត្តិរបស់ស្ថាប័ន AML/CFT។

ក្នុងឆ្នាំ២០២០ ការផ្ញើប្រាក់ទៅកាន់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រ៊ិកខាងជើងត្រូវ​បាន​​ព្យាករណ៍ទុកថានឹងធ្លាក់ចុះជិត១៩,៦ភាគរយគឺ៤៧ប៊ីលានដុល្លារអាមេរិកក្រោ​យ​ពី​កើន​បាន២,៦ភាគរយ ក្នុងឆ្នាំ២០១៩កន្លងមក។ការធ្លាក់ចុះនេះគឺ​បណ្តាលមកពី​ស្ថាន​ភាពសេដ្ឋកិច្ចស្រុតចុះនៅទូទាំងពិភពលោកនិងផលប៉ះទង្គិចពីការធ្លាក់ថ្លៃ​ប្រេងក្នុង​ចំណោមប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រអារ៉ាប់(GC​C)​។ការផ្ញើប្រាក់ចេញពីតំបន់ចាយរូបិយវត្ថុអឺរ៉ូ ក៏អាចនឹងរងផលប៉ះ​ពាល់ថែម​ទៀតពី​ស្ថាន​ភាពថមថយសេដ្ឋកិច្ចដែលតំបន់នេះធ្លាប់មានរួចមកហើយមុនមានវិបត្តិកូវីដ១៩និង​ការ​ធ្លាក់ចុះតម្លៃរូបិយវត្ថុអឺរ៉ូធៀបទៅនឹងលុយដុល្លារអាមេរិក។នៅក្នុងឆ្នាំ២០២១ការ​ផ្ញើ​ប្រា​ក់​ទៅកាន់តំបន់នេះត្រូវបានរំពឹងទុកថានឹងងើបឡើងវិញ តែក្នុងសម្ទុះយឺតប្រហែល ១,៦​ភាគរយ ដោយ​សារ​តែកំណើនសេដ្ឋកិច្ចក្នុងតំបន់ប្រាក់អឺរ៉ូនៅមានសភាពមធ្យម និង​ដោយ​សាររំហូរសាច់ប្រាក់ខ្សោយចេញពីចំណោមប្រទេសសមាជិក GCC។

ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ថ្លៃចំណាយលើសេវាផ្ញើ​ប្រាក់ចេញ២០០​ដុល្លា​រ​​ ទៅកាន់តំបន់នេះគឺមានអត្រា៧ភាគរយដែលជារួមឥតមានការប្រែប្រួលខុសពី​ឆ្នាំ​មុន​ទេ​។ថ្លៃចំណាយលើសេវានេះមានភាពខុសៗគ្នាខ្លាំងនៅតាម​ច្រករបៀង​ប្រទេសទាំង​នេះ​​​។ថ្លៃចំណាយលើសេវាក្នុងការផ្ញើប្រាក់ចេញពីប្រទេសមាន​សអេហ្ស៊ីប និង​ហ្ស៊ក​ដង់ ត្រូវចំណាយសេវាក្នុងអត្រាពី៣ទៅ៥ភាគរយ នៅតាមច្រករបៀងខ្លះ។ ច្រករបៀង​រវាង​​ប្រទេសអារ៉ាប៊ី សាអូឌីតនិងប្រទេសស៊ីរី ឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងនូវ​ថ្លៃ​សេវា​ផ្ញើប្រាក់ ដោយសារតែសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីហាក់ដូចជា​មានសភាព​ស្ងប់​ជាង​មុនបន្តិច។

ក្នុងឆ្នាំ២០២០ ការផ្ញើប្រាក់ទៅកាន់តំបន់អាស៊ីខាងត្បូង ត្រូវបានព្យាករណ៍ថា​នឹង​ស្រុតចុះជិត២២ភាគរយដល់ទៅ១០៩ប៊ីលានដុល្លារអាមេរិកក្រោយពីតំបន់​នេះទទួល​បាន​កំណើននៃការផ្ញើប្រាក់៦,១ភាគរយក្នុងឆ្នាំ២០១៩។ការធ្លាក់ចុះសន្ទុះនៃ​ការផ្ញើ​ប្រា​ក់​​​ទៅកាន់តំបន់អាស៊ីខាងត្បូងក្នុងឆ្នាំ២០​២០​នេះគឺបណ្តាលមកពីកត្តានៃការធ្លាក់ចុះ​សេដ្ឋ​កិច្​ដោយសារតែការផ្ទុះជំងឺកូវីដ១៩និងការធ្លាក់ចុះថ្លៃប្រេង។ការធ្លាក់​ចុះសេដ្ឋកិច្ច​នេះ​ទំនងជានឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ទៅ​លើលទ្ធភាពការហូរសាច់ប្រាក់ផ្ញើ​ចេញពី​សហរដ្ឋអាមេរិក,ពីចក្រភពអង់គ្លេសនិងពីសហភាពអឺរ៉ុបទៅកាន់តំបន់​អាស៊ីខាង​ត្បូង។ ការធ្លាក់ចុះថ្លៃប្រេងនឹងប៉ះពាល់ទៅលើការហូរចេញប្រាក់ផ្ញើពីប្រទេសសមាជិក GCC និងពីប្រទេសម៉ាឡេស៊ី។

ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖តំបន់អាស៊ីខាងត្បូងមានថ្លៃ​ចំណាយលើ​សេវា​ផ្ញើប្រាក់ចេញទាបជាងគេធៀបទៅនឹងតំបន់ផ្សេងទៀតគឺក្នុងអត្រាត្រឹម៤,៩៥​ភាគ​រយ​ ប៉ុណ្ណោះ។ ប្រទេសមួយចំនួនក្នុងតំបន់នេះមានអត្រាទាបជាង៣ភាគរយដែលជា​គោល​ដៅមួយរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។អត្រាទាបនេះប្រហែល​បណ្តាល​មកពីសាច់ប្រាក់ផ្ញើចេញមានទំហំធំ,ទីផ្សារមានភាពប្រកួតប្រជែងខ្លាំង​និងការអភិវឌ្ឍ​របស់បច្ចេកវិទ្យាដែរ។ប៉ុន្តែប្រទេសច្រករបៀងមួយចំនួ​នក្នុងតំបន់នេះមាន​ថ្លៃសេវា​ក្នុង​អត្រាខ្ពស់រហូតដល់ទៅជាង១០ភាគរយដោយសារតែសាច់ប្រាក់ផ្ញើចេញ​មាន​បរិ​មា​ណ​តិច, ទីផ្សារខ្វះការប្រកួតប្រជែងនិងការបារម្ភមួយចំនួនពាក់ព័ន្ធបទប្បញ្ញត្តិសម្រាប់​ការ​ផ្ញើប្រាក់ចេញ។បទប្បញ្ញត្តិធនាគារពាក់ព័ន្ធទៅនឹងAML/CFTបានបង្កើន​សណ្ឋាន​ហា​និ​ភ័យរបស់អ្នកផ្តល់សេវាផ្ញើប្រាក់ហើយតាមរយៈនេះវាក៏ធ្វើឱ្យថ្លៃចំណាយលើសេវាកើនទៅតាមនោះដែរសម្រា​ប់ប្រទេសដែលចាំទទួលប្រាក់ផ្ញើមួយចំនួនដូចជាប្រទេស​អាហ្វ​ហ្កានីស្ថាន និងសម្រាប់ប្រទេសដែលផ្ញើប្រាក់ចេញ ដូចជាប្រទេសប៉ាគីស្ថាន ជាដើម។

ក្នុងឆ្នាំ២០១៩ ការផ្ញើប្រាក់ទៅកាន់តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក មានការធ្លាក់ចុះ ០,៥​ភាគរយ ដោយមកនៅមានចំនួនត្រឹម ៤៨ប៊ីលានដុល្លារអាមេរិក។ ដោយសារ​តែ​វិបត្​តិដែលបង្កឡើដោយជំងឺកូវីដ១៩លំហូររបស់ប្រាក់ផ្ញើចេញទៅកាន់តំបន់នេះត្រូវ​បាន​​រំពឹងទុកថានឹងធ្លាក់ចុះជិត ២៣,១ភាគរយ ជាសាច់ប្រាក់មកនៅត្រឹម ៣៧​ប៊ីលាន​ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ តែវានឹងរំពឹងថានឹងងើបកើនមកវិញ​បាន ៤ភាគរយ ក្នុង​ឆ្នាំ២០២១។ការធ្លាក់ចុះនេះអាចបណ្តាលមកពីកត្តាគួបផ្សំគ្នាច្រើនពិសេសការផ្ទុះ​ជំងឺ​កូរ៉ូ​ណា​នេះនៅតាមប្រទេសគោលដៅមួយចំនួន​ដែលពលករចំណាកស្រុក​អាហ្វ្រ៊ិក​កំពុង​ស្នាក់អាស្រ័យនៅ រួមមានតំបន់សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក,មជ្ឈិមបូព៌ា និង​ចិន​។ នៅក្នុងតំបន់និងប្រទេសទាំងនេះដែលជាសេដ្ឋកិច្ចគ្រាក់ៗមានពលករមកពីតំបន់សាប់សាហារ៉ាអាហ្វ្រ៊ិកនិងតំបន់នា​នា​ក្នុងចំណែកមួយធំ និងជាប្រភពជិតស្មើមួយភាគបួន​នៃ​ទំហំប្រាក់ផ្ញើសរុបទៅកាន់សាប់សាហារ៉ាអាហ្វ្រ៊ិក។ ក្រៅពីផលប៉ះទង្គិច​ដោយសារ​ការ​រាល​ដាលជំងឺនេះ ប្រទេសជាច្រើននៅក្នុងតំបន់អាហ្វ្រ៊ិកខាងកើត កំពុងត្រូវរង​ការវាយ​ប្រហាររបស់ហ្វូងសត្វកណ្តូបទៅលើដំណាំដាំដុះ ដែលគំរាមកំហែងដល់​ការផ្គត់ផ្គង់​ស្បៀង​អាហារដល់ប្រជាជននៅក្នុងតំបន់នេះ។

ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២០ ថ្លៃចំណាយ​លើ​សេវាផ្ញើប្រាក់ ២០០ដុល្លារទៅកាន់តំបន់នេះ មានអត្រាជាមធ្យម៨,៩ភាគរយ ដែល​ជាការស្រុតចុះបន្តិចប្រៀបធៀបទៅនឹងអត្រាថ្លៃមធ្យម ៩,២៥ភាគរយក្នុងឆ្នាំ​កន្លង​ទៅ​។ តំបន់អាហ្វ្រ៊ិកខាងត្បូងត្រូវបានគេសង្កេតឃើញថាជាច្រករបៀងដែលមានអត្រាថ្លៃសេវាខ្ពស់ជាងគេ គឺខ្ពស់រហូតដល់ទៅ ២០ភាគរយ ក៏មានដែរ។ តែផ្ទុយទៅវិញ នៅច្រក​របៀងដែលមិនសូវថ្លៃនោះអត្រាថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញមានជាមធ្យមមិនដល់៣,៦ភាគរយផង៕ ដោយ៖ហេង សូរិយា


ចែករំលែក៖