ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិប្រទេសចិន ប្រគល់សម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នឹងទទួលសម្ភារៈពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ។

សូមបញ្ជាក់ថា៖ នេះជាលើកទី២ហើយ ដែលក្រសួងការពារប្រទេសចិន បានប្រគល់សម្ភារៈពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា។ ការប្រគល់លើកទី១ សម្ភារៈសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 មានទម្ងន់ជាង ២តោន។

បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងការពារជាតិ បានអោយដឹងថា៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្នុងវត្តមាន នៃពិធីប្រគល់ និងទទួលសម្ភារៈពេទ្យទប់ស្កាត់វីរុស COVID-19 ។

ចំណែកភាគីចិនតំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅទីព្រលានយន្តហោះអន្តរជាតិ (VIP)។

សូមបញ្ជាក់ថា នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិនទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះ ប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ។
សូមជម្រាបថា៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលចិនបានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិនបានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»៕ដោយ៖សិលា

 


ចែករំលែក៖