ខេត្តបន្ទាយមានជ័យ៖ ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣នៅ ក្នុងស្រុកថ្មពួករងផលប៉ៈពាល់ខូចខាតផ្ទះចំនួន៨១ខ្នង ។
យោងតាមរបាយការណ៍បឋមរបស់នគរបាលស្រុកថ្មពួក បានបង្ហាញថា៖នៅចន្លោះវេលាម៉ោង៥ទៅម៉ោង៧យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅស្រុកថ្មពួកមានភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ឃុំសរុប៨១ខ្នង បានរងនូវការខូចខាត។
ផ្ទះរបស់ប្រជាពលរដ្ឋទាំង៨១ខ្នងដែលរងនូវការខូចខាតមាន នៅឃុំថ្មពួកខូចខាតចំនួន២៧ខ្នង។ នៅឃុំគំរូខូចខាតចំនួន១៤ខ្នង និងឃុំគោករមៀតខូចខាតចំនួន៤០ខ្នង ។
ក្នុងករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ មិនទាន់ទទួលបានថាមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនៅឡើយទេ ។ ប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងតែយកចិត្តទុកដាក់ ជួយអន្តរាគមន៍៕ដោយ៖ នីម វណ្ណា