ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពមួកខៀវកម្ពុជា៣នាក់ នៅប្រទេសម៉ាលី ឆ្លងជំងឺ COVID-19 ខណៈ៣០០នាក់ទៀត កំពុងធ្វើតេស្តរកមេរោគ

ចែករំលែក៖

ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា៣នាក់ ក្នុងនោះមានប្រុស ២នាក់ និងស្រីម្នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី គឺមានផ្ទុកមេរោគឆ្លង COVID-19 ហើយត្រូវបានកម្លាំងអង្គការសហប្រជាជាតិ បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ បាម៉ាកូ ស្ថិតនៅក្រោមការតាមដាន និងព្យាបាលយ៉ាងយកចិត្តបំផុតពីក្រុមគ្រូពេទ្យ UN ។ នេះបើតាមការអះអាងពីលោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានបញ្ជាក់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានកងកម្លាំងទ័ពមួកខៀវជិត ៣០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ UN នៅប្រទេសម៉ាលី ហើយកងកម្លាំងជិត ៣០០នាក់នោះ គឺបានបែងចែកគ្នា ទៅបំពេញបេសកកម្មចំនួន៦ តំបន់ផ្សេងៗគ្នារួមមាន៖ តំបន់បាម៉ាកូម្នាក់, តំបន់គីដាល់ ៨២នាក់, តំបន់ទេសាលីត ៧២នាក់, តំបន់ហ្កាវ ១០៥នាក់, តំបន់ទុំបុកទូ ២១នាក់ និងតំបន់ម៉ប់ទី ១៨នាក់។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បន្តថា បច្ចុប្បន្ននេះអង្គការសហប្រជាជាតិ ហៅកាត់ UN និងក្រសួងការពារជាតិកម្ពុជា បាននិងកំពុងតាមដាន និងបញ្ជូនសម្រាកព្យាបាល យកចិត្តទុកដាក់បំផុត នៅក្នុងមន្ទីរពេទ្យបាម៉ាកូ ប្រទេសម៉ាលី។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀត កាលពីអំឡុងដើមខែមេសា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិកម្ពុជា បានបញ្ជូនសម្ភារៈការពារមេរោគឆ្លង COVID-19 រួមមាន៖ ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃ ដែលចំណាយថវិកាជាង ២ម៉ឺន ៥ពាន់ដុល្លារ ព្រមទាំងបានផ្តល់អាវពាក់ការពារមេរោគឆ្លងប្រមាណជិត ៨០កំប្លេ ចំណាយថវិកាអស់ប្រមាណ១៤,០០០ដុល្លារ។ បន្ថែមពីលើជំនួយពីអង្គការសហប្រជាជាតិ ផ្តល់ជូនកងទ័ពមួកខៀវ កម្ពុជាកំពុងឈរជើង តាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, ប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវ ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សា សន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ ខណៈស្ថានភាពវិបត្តិមេរោគឆ្លង COVID-19 នៅតាមបណ្តាប្រទេសទាំង៤ នោះ។

យោងតាមគេហទំព័រ Worldmeters គិតត្រឹមរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសម៉ាលី មានអ្នកឆ្លងវីរុស COVID-19 ចំនួន ៣០៩នាក់ ក្នុងនោះស្លាប់២១នាក់៕ស តារា


ចែករំលែក៖