ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងបរិស្ថាន​ ជុំវិញការធ្វើសកម្មភាពអនាធិបតេយ្យរបស់អង្គការមិនមែន​រដ្ឋាភិបាល និងសមាគមមួយចំនួននៅក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងបរិស្ថាន​នៅថ្ងៃទី២៤​ ខែមេសានេះ​ បានសេចក្តីថ្លែងការណ៍​ មួយភ្លាមៗ​ បន្ទាប់ពី​ថ្មីៗនេះ ក្រសួង​បរិស្ថាន​ពិនិត្យឃើញថា មានអង្គការ​មិនមែន​រដ្ឋាភិបាល និងសមាគមមួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

សេចក្តី​ថ្លែង​ការណ៍​បន្តថា​ សកម្មភាព​បំពានលើច្បាប់យ៉ាងគ្រើនបែបនេះ ដោយជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង

និងអភិរក្សធនធានធម្មជាតិ តែប៉ុណ្ណោះ។

ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលនៅតែបន្តបំពានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យនិងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាព

បែបនេះទេ ហើយក្រសួងក៏ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យនិងចាត់វិធានការតាមច្បាប់ទៅលើអង្គការ​មិនមែនរដ្ឋាភិបាលឬសមាគមណាដែលធ្វើសកម្មភាពដោយមិនមានច្បាប់ត្រឹមត្រូវ។

អ្នកនាំ​ពាក្យ​ក្រសួងបរិស្ថាន​អះអាងថា​ គ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នក​ស្រឡាញ់ និងចូលរួមការពារធនធាន

ធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់និងដោយ​ ក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថាន សូមគូសបញ្ជាក់សាជាថ្មីថា ក្រសួងសូមស្វាគមន៍អង្គការមិនមែន​រដ្ឋាភិបាលឬសមាគម ដែលបានចុះ​ បញ្ជី និងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ឱ្យចូលរួមក្នុងការងារការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការងារលើកស្ទួយជីវភាពរស់នៅ

របស់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា។

បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងប្រព័ន្តំបន់ការពារធម្មជាតិ ដែលរួមមានតំបន់ការពារធម្មជាតិ និង​របៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦០កន្លែង គ្របដណ្តប់លើផ្ទៃដី

ប្រមាណជាង ៧,២ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២៦០នាក់ ឈរជើងនៅតាមតំបន់​ការពារធម្មជាតិនីមួយៗបាននិងកំពុងធ្វើសកម្មភាពត_ការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួម និងកិច្ចសហការល្អពីសំណាក់អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍មូលដ្ឋាន​ ពាក់ព័ន្ធទាំងយប់ទាំងថ្ងៃ។

ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាននានា ដើម្បី

លើកកម្ពស់ប្រសិទ្ធភាពការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ក៏ដូចជាជំរុញការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការ​ពារធម្មជាតិ ព្រមទាំងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានផងដែរ។

ក្រសួងបរិស្ថាន សូមយកឱកាសនេះ អំពាវនាវឱ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម នានាដែលបាននិងកំពុងធ្វើសកម្មភាពដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។ ក្រសួងក៏សូមអំពាវនាវព្រមទាំងលើកទឹកចិត្តឱ្យអង្គការមិនមែន​រដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍

មូលដ្ឋានទាំងអស់ ដែលមានទឹកចិត្តស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ផ្តល់កិច្ចសហការឱ្យបានកាន់តែ​ជិតស្និទ្ធ និងខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិដ៏មានតម្លៃរបស់យើងសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត​ ៕​ ដោយ​ ៖​ សុខខេមរា​


ចែករំលែក៖