ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន មុខសញ្ញាចោរលួចម៉ូតូម្នាក់ យ៉ាងសកម្មនៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មុខសញ្ញាចោរលួចកាត់កម៉ូតូម្នាក់ យ៉ាងសកម្មនៅខេត្តស្ទឹងត្រែង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃសុក្រ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្ត បង្ក្រាបបានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួច ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា កម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកថាឡាបរិវ៉ាត់  ឈានទៅដល់ការចាប់ខ្លួន មុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្ម ក្នុងក្រុងស្ទឹងត្រែង ម្នាក់មានឈ្មោះ យួស រិ: ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង និងខេត្តស្ទឹងត្រែង ។

មន្រ្តីដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្តុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ សេ ១០០ ពណ៏ទឹកប៊ិច លេខតួ ១១៩៣៤១១ លេខ ម៉ាស៊ីន ៣២៨៤១៨ គ្មានពាក់ស្លាកលេខ នឹងទូរស័ព្ទដៃ២គ្រឿង មួកការពារសុវត្ថិភាពមួយ ឧបករណ៏ដែកស្រួចកាច់សោរម៉ូតូ ចំនួន០៣គ្រាប់ និង ឯកសារពាក់ព័ន្ធបញ្ជាក់របស់ម្ចាស់ម៉ូតូ ។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្ត បណ្ដោះអាសន្ន ៕ ដោយ៖មាស សុផាត


ចែករំលែក៖