ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ក្រសួងបានចំណាយថវិកាប្រមាណ ៤លានដុល្លារអាមេរិក ទៅលើការព្យាបាលក៏ដូចជាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ការចំណាយរបស់ក្រសួងទៅលើប្រតិបត្តិការប្រយុទ្ធប្រឆាំងវីរុសកូវីដ-19 ក៏ដូចជាព្យាបាលអ្នកជំងឺ គឺមានប្រមាណ ៤លានដុល្លារ ខណៈបច្ចុប្បន្ននេះ ក្រសួងមានថវិកាប្រមាណ ៧លានដុល្លារ នៅក្នុងគណនីរបសស់ធនាគារ ABA ដែលបានប្រមូលពីសប្បុរជននានា តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមលោកស្រីយក់ សម្បត្តិ ក្រសួងបានបម្រុងថវិកាប្រមាណ ៣០លានដុល្លារ សម្រាប់ធ្វើប្រតិបត្តិការជំងឺកូវីដ១៩នេះ ខណៈថ្លៃសេវាព្យាបាលសម្រាប់អ្នកផ្ទុកជំងឺកូវីដ ១៩ ម្នាក់ ត្រូវចាយថវិកាអស់ប្រមាណពីជាង ២០០០ ទៅ ២៥០០ដុល្លារ ដោយថវិកាជាង ១ពាន់ដុល្លារ សម្រាប់ចំណាយទៅលើការធ្វើតេស្តរកមេរោគ និងជាង ១ពាន់ដុល្លារទៀត ចំណាយទៅលើថ្លៃថ្នាំ អាហារហូបចុក ថែទាំ និងការស្នាក់នៅជាដើម។
លោកស្រី ការធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រមួយដងសម្រាប់អ្នកផ្ទុកជំងឺម្នាក់ ត្រូវចំណាយចន្លោះពី ១០០ដុល្លារ ទៅ ១២០ដុល្លារ ដែលអ្នកខ្លះធ្វើតេស្តពី១០ ទៅ ១១ដង ក្នុងរយៈពេលស្នាក់នៅពី៥ ទៅ ៧ថ្ងៃ។
គួរបញ្ជាក់ថា ការទទួលបន្ទុកចំណាយទាំងស្រុងរបស់រដ្ឋាភិបាលកម្ពុជា ទៅលើការព្យាបាលអ្នកជំងឺ Covid-19 គឺជាទង្វើមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានត្រៀមថវិកាបម្រុងជាច្រើនលានដុល្លារ សម្រាប់ចំណាយបន្ថែមពីលើការចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ និងបណ្តាសប្បុរសជននានានៅទូទាំងប្រទេស៕ដោយ៖ ហេង សូរិយា