ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្មលក់ដូរ នៅរដ្ឋតិចសាស់ ចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗ ប៉ុន្តែក្រោមការដាក់កំហិត

ចែករំលែក៖

ទីក្រុងហ៊ូស្តុន៖ បន្ទាប់ពីផ្សារទំនើប និងភោជនីយដ្ឋានមួយចំនួននៅទូទាំងរដ្ឋតិចសាស់ បានបិទទ្វារអស់រយៈប៉ុន្មានសប្តាហ៍កន្លងទៅនេះខណៈការឆ្លងរីករាលដាល នៃជំងឺរាតត្បាត COVID-19 រាតត្បាតជាសកល ពេលនេះក្រុមអាជីវកម្មលក់រាយនៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗហើយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ

បើតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ បាននិយាយថា កាលពីសប្តាហ៍មុនអភិបាលរដ្ឋ Texas គឺលោក Greg Abbott បានចេញបទបញ្ជាអនុញ្ញាតឲ្យអាជីវកម្មលក់រាយទាំងអស់ អាចបើកដំណើរការសេវាកម្មរបស់ខ្លួនបានវិញហើយ តាមរយៈការលក់ដូរនៅទីកន្លែងផ្ទាល់ ឬតាមរយៈសេវាកម្មដឹកជញ្ចូនក៏បាន ដោយចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតែម្តង

ទោះជាយ៉ាងណា ដើម្បីអាចបើកអាជីវកម្មរបស់ខ្លួនបាន អ្នកលក់ទាំងអស់តម្រូវឲ្យអនុវត្តតាមការណែនាំមួយចំនួនរបស់អាជ្ញាធរ ដូចជារការក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់មុខជាដើម ប៉ុន្តែផ្សារទំនើប និងភោជនីយដ្ឋានមួយចំនួននៅទូទាំងរដ្ឋតិចសាស់ បានបើកដំណើរការទៅតាមសេចក្តីប្រកាសរបស់អាជ្ញាធរកាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយការដាក់កំហិត

សូមជម្រាបថា ផ្សារទំនើបខូឡូនីស (Colony Mall) ដែលជាផ្សារទំនើបដ៏ធំបំផុតមួយនៅរដ្ឋ Texas បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ហាងទំនិញ និងភោជនីយដ្ឋានមួយចំនួន នឹងបើកដោយមានការកំណត់ម៉ោង ឬដោយការណាត់ជួបតែប៉ុណ្ណោះ។

គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋតិចសាស់បានកត់ត្រាចំនួនករណីឆ្លង នៃជំងឺ COVID-19 ចំនួនជាង ២២,៨០០ ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺប្រមាណ ៦០០ នាក់បានស្លាប់ ៕ដោយ៖ស តារា


ចែករំលែក៖