ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងតាមចាប់បុរសម្នាក់ ក្រោយចាប់រំលោភក្មេងស្រីអាយុ ១៤ឆ្នាំ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

កំពង់ឆ្នាំង៖ នារីវ័យជំទង់ជាអនីតិជនម្នាក់ ត្រូវបានបុរសម្នាក់យកទៅរំលោភបានសម្រេច នៅចំណុចបឹងខ្នា ស្ថិតក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ចាយ លាក់ភី អាយុ២១ឆ្នាំ មានប្រពន្ធកំពុងពពោះជិតគ្រប់ខែទៀតផង បច្ចុប្បន្នជនសង្ស័យរស់នៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង និងកំពុងរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរំលោភនាងបានសម្រេចរួចមក។

នៅមុនពេលកើតហេតុជនសង្ស័យ បានខ្ចីម៉ូតូពីឈ្មោះ សួន ស៊ីម ដែលត្រូវជាឪពុករបស់កុមារីរងគ្រោះ បំណងជិះទៅស្រែប្រាំងរបស់ខ្លួន នៅឯចំណុចបឹងត្រកួន ដែលមានចម្ងាយពីភូមិ៣ គីឡូម៉ែត្រ ដោយឲ្យកុមារីរងគ្រោះ ដែលត្រូវជាកូនស្រីបង្កើតរបស់ម្ចាស់ម៉ូតូជាអ្នកជូនទៅជាមួយ ដើម្បីជិះម៉ូតូត្រឡប់មកវិញ ព្រោះរូបគេមិនទាន់បានត្រឡប់មកផ្ទះវិញភ្លាមៗនោះទេ។

ពេលជនសង្ស័យជិះម៉ូតូឌុបនាង ទៅដល់ចំណុចផ្លូវកែងបត់ចូលទៅចុងភូមិ ក៏បានកុហកនាងថា ចូលទៅបត់ជើងសិន ហើយក៏បានចុះពីលើម៉ូតូចាប់បង្ខំនាងធ្វើសកម្មភាព ចាប់រំលោភជនរង គ្រោះនៅចំណុចបឹងខ្នា ចុងភូមិល្វា ក្នុងឃុំស្វាយរំពារ រហូតបានសម្រេច ទើបជនសង្ស័យបានដឹកនាង បន្តទៅកាន់ចំណុចបឹងត្រកួន ពេលទៅដល់ចំណុចនោះជនសង្ស័យក៏បានឱ្យនាងជាជនរងគ្រោះ ជិះម៉ូតូត្រឡប់មកផ្ទះវិញតែម្នាក់ឯង ហើយជនសង្ស័យរូបនេះក៏បាន ចុះពីលើម៉ូតូហើយគេចខ្លួនបាត់ស្រមោលតែម្ដងទៅ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស.ស.ម អាយុ១៤ឆ្នាំ ត្រូវជាបងប្អូនជីទួតមួយ ជាមួយនិងជនសង្ស័យ បច្ចុប្បន្នពួកគេរស់នៅក្នុងភូមិឃុំជាមួយគ្នាផងដែរ ដែលមានផ្ទះនៅក្បែរគ្នាចំងាយតែ ១០០ម៉ែត្រពីគ្នាតែប៉ុណ្ណោះ។ ករណីនេះសមត្ថកិច្ចកំពុងតែស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនយកមកចាត់ការតាមនីតិវិធីផងដែរ៕ដោយ៖ចន្ថា


ចែករំលែក៖