ភ្នំពេញ៖ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីបាញ់បងថ្លៃឱ្យរបួសធ្ងន់ និងជួញដូរសារធាតុញៀន ។
តាមប្រភពព័ត៍មានពីមន្រ្តីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានធ្វើសកម្មភាពបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនជិត២ខែ ទើបកម្លាំងជំនាញរបស់អាវុធហត្ថ រាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញតម្រុយកំពុងលាក់ខ្លួន នៅខេត្តកោះកុង ហើយចុះទៅសហការជាមួយអាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុង ចុះឃាត់ខ្លួនបានតែម្តង ។
មន្រ្តីដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា នៅថ្ងៃកើតហេតុរូបខ្លួន និងប្រពន្ធ បានទាស់ពាក្យសម្ដីជាមួយគ្នា នៅផ្ទះជួលចំណុចកើតហេតុ។ ពេលនោះស្រាប់តែម្តាយក្មេក បានចេញមុខអន្តរាគមន៍ ហើយជេរមកលើរូបខ្លួនយ៉ាងខ្លាំង បន្ទាប់មកបងថ្លៃរបស់ខ្លួនឈ្មោះ ប៊ុត តុលា ភេទប្រុស បានមកស្ដីបន្ទោសខ្លួនបន្ថែមទៀត និងមានបំណងនាំម្តាយក្មេក ប្រពន្ធ និងកូនខ្លួន ចាកចេញពីផ្ទះ។ តែខ្លួនមិនព្រមឲ្យចាកចេញ បងថ្លៃក៏បានបោះសម្ដីថា បើហែងខ្លាំងបាញ់អញមក ដោយរូបខ្លួនខឹងខ្លាំង ក៏ដកកាំភ្លើងខ្លីបាញ់ទៅលើបងថ្លៃចំនួន៣គ្រាប់ រួចក៏គេចខ្លួន ទៅដេកផ្ទះសំណាក់ខេត្តកំពង់ស្ពឺមួយយប់ ទើបបន្តទៅលាក់ខ្លួននៅខេត្តកោះកុង រហូតដល់ថ្ងៃដែលអាវុធហត្ថឃាត់ខ្លួនតែម្តង។
ក្នុងកំឡុងពេលសមត្ថកិច្ចអាវុធហត្ថធ្វើប្រតិបត្តិការ បានឆែកឆេបន្ទប់ជនសង្ស័យឈ្មោះ រស់ សូឌី និងបន្ទប់បក្ខពួកម្នាក់ទៀតឈ្មោះ នូច ភារ៉ាដែលនៅក្បែរគ្នា រកឃើញអាវុធខ្លី១ដើម គ្រាប់១៣គ្រាប់ ថ្នាំញៀន១២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន១។
ជនសង្ស័យ បានសារភាពទៀតថា កន្លងមករូបគេធ្លាប់បានជាប់ពន្ធនាគារ ខេត្តកំពង់ស្ពឺ រយៈពេល៩ខែ ពីបទជួញដូរគ្រឿងញៀន ទើបតែចេញវិញក្នុង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩៕ដោយ៖ស តារា