ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រុសស្រី៤ នាក់បានវង្វេង នៅក្នុងរមណីយដ្ឋានថ្មក្រាលត្រូវបានសមត្ថកិច្ចក្រុមគ្រួសារសាច់ញាតិរកឃើញវិញហើយនៅវេលាយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២០បង្កការភ្ញាក់ផ្អើលទាំងយប់នៅចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា មានមនុស្សប្រុសស្រី ៤ នាក់ រួមមាន÷
ទី១,ឈ្មោះ លាស់ ភាស់ត្រា ភេទប្រុសអាយុ ២៥ឆ្នាំ.ទី ២ ឈ្មោះ ប៉េ ប៊ុនសំណាង ភេទប្រុសអាយុ ២៣ ឆ្នាំ.ទី ៣ ឈ្មោះ ប៉េ ប៊ុនលាភ ភេទស្រីអាយុ ១២ ឆ្នាំ.ទី ៤ ឈ្មោះ ឡេង គឹមខេង ភេទប្រុស អាយុ ១១ ឆ្នាំ បាននាំគ្នា ឡេីងទៅលេងផ្នែកខាងលើនៃ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនៅម៉ោង ជាង៤ល្ងាចថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ ដោយទុកអោយលោកយាយពីរនាក់ នៅចាំខាងក្រោម លុះដល់ម៉ោងប្រមាណជាង ៦ ល្ងាចជិតយប់ទៅហើយនៅតែមិនឃើញអ្នកទាំង៤ត្រឡប់មកវិញ លោកយាយ ក៏ ដើរទៅសួរគេឯងជិតៗនោះទើបបង្កឲ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងតំបន់នោះតែម្ដង។
ពេលនោះកម្លាំងប្រជាការពារ សហគមន៍នៅតំបន់នោះបានដើរប្រកាសតាមរយៈមេក្រូ នៅតែមិនទទួលបានដំណឹងឆ្លើយតបមកវិញ ដោយមានការចាប់អារម្មណ៍ថាទីតាំងនោះគឺមានបារមីខ្លាចក្រែងខុសមាត់ខុស ក ជាមួយនឹងបារមីអ្នកតាភ្នំ ចាស់ទុំនៅតំបន់នោះក៏បានទៅរកគ្រូហោ (ស្មឹងស្មាធ)មកបញ្ជាន់រូប ដើម្បីចង់ដឹងថាមនុស្សប្រុសស្រី ៤ នាក់នោះនៅទីណា។
ក្រោយពីបញ្ជាន់រូបរួច គ្រូបានបញ្ជាក់ថាមនុស្សប្រុសស្រី ៤ នាក់នោះគឺបានខុសមាត់ជាមួយនឹងអ្នកតាភ្នំដែលមានបារមី តែត្រូវបានចាស់ទុំនៅស្រុកនោះអង្វរករ នឹងសន្យាថានៅថ្ងៃ ៩កើត ខាងមុខនេះនឹងសែនព្រេនដាក់ឱ្យ ។
ពេលនោះ អាជ្ញាធររួមនិងកម្លាំងប្រជាការពារ.កម្លាំងសហគមន៍.កម្លាំងសមត្ថកិច្ចនឹងកំលាំងបរិស្ថាន.ក៍បានរួមសហការគ្នាចែកជា ៣ ទៅ ៤ ក្រុមដើម្បីដើររុករក លុះដល់ម៉ោង ១១យប់ថ្ងៃដដែលក៏បានប្រទះឃើញមនុស្សប្រុសស្រីចំនួន ៤ នាក់នៅកណ្ដាលព្រៃដ៍ជ្រៅ ស្ងាត់ជ្រងំ តែនិយាយស្តីហាក់ដូចជារវើរវាយខុសប្រក្រតី ។
ក្រោយក្រុមអ្នករុករកបានប្រទះឃើញមនុស្សប្រុសស្រី ៤ នាក់នោះហើយក៏បាននាំយកត្រឡប់មកវិញនៅម៉ោង ១១ យប់ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ក៏ប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិនាំយក ត្រឡប់ទៅលំឋានវិញនិងបានសន្យាថានៅថ្ងៃ ៩កើតនឹងយកសំណែនទៅសែនឲ្យអ្នកតាភ្នំនៅទីនោះដើម្បីសុំលាមាត់ លា ក។
សូមបញ្ជាក់ថា÷ការវង្វេងនៅក្នុងព្រៃនេះមិនមែនទើបនឹងកើតមានម្តងនេះទេកន្លងមកក៏ធ្លាប់មានបុរសម្នាក់វង្វេងនៅក្នុងព្រៃតំបន់នេះ ជាច្រើនថ្ងៃផងដែរ ៕ហេង សូរិយា