អន្តរជាតិ៖ បន្ទាប់ពីក្លឹបហាត់ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ ១៩ នោះ ម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែងក្នុងខេត្តឈៀងមៃ ប្រទេសថៃក៏សម្រេចបន្ថែមអាជីវកម្មថ្មីមួយ គឺលក់ទុរេន ហើយក្រុមបុរសសាច់ដុំទាំងនោះ គឺសុទ្ធតែជាគ្រូបង្វឹកផ្នែកហាត់ប្រាណ យកសាច់ដុំប្រចាំនៅក្នុងក្លឹបហាត់ប្រាណផងដែរ ។
បើតាមម្ចាស់ក្លឹបហាត់ប្រាណខាងលើនេះ បានឲ្យដឹងថា អាជីវកម្មលក់ទុរេននេះ គឺផ្តល់គុណសម្បត្តិចំនួន ២ ដល់ក្លឹបរបស់គាត់ ទី១៖ គឺជួយរកប្រាក់មកជួយទ្រទ្រង់ក្លឹបក្នុងអំឡុងពេលដែលក្លឹបត្រូវបិទទ្វារមួយរយៈនេះ និងទី២ ៖ គឺជួយផ្តល់ចំណូលដល់ក្រុមគ្រូបង្វឹក ដែលបានខកខានមិនបានចំណូលពីការបង្ហាត់ប្រាណ។ អាជីវកម្មលក់ទុរេន ដែលមានសុទ្ធតែបុរសៗសាច់ដុំធំៗឈរចាំជួយរើស និងចាំជួយបកទុរេននោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអតិថិជនស្រីៗតែម្តង ។
គួរបញ្ជាក់ថា រូបភាពក្រុមបុរសសាច់ដុំឈរលក់ទុរេនជាច្រើនសន្លឹកនេះ ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Facebook ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសគឺនារីៗតែម្តង។ ក្រោយប្រទះឃើញរូបភាពទាំងនេះរួច មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចង់ដឹងថា តើក្រុមបុរសសាច់ដុំទាំងនោះគឺជាអ្នកណា? នៅទីណា? ហើយសកម្មភាពលក់ទុរេននោះ គឺជាការពិតឬសម្តែង?
បើយោងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា សកម្មភាពលក់ទុរេនរបស់ក្រុមបុរសសាច់ដុំទាំងនោះគឺជារឿងពិត ដែលបានកើតឡើងនៅក្លឹបហាត់ប្រាណមួយកន្លែងក្នុងខេត្តឈៀងមៃ ប្រទេសថៃ ៕ដោយ៖ស តារា