ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ អរគុណកូនក្មួយនៅ​ម៉ាឡេស៊ីដែលយោគយល់ដល់វិធាន​ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ មកទល់ថ្ងៃនេះកម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ហើយ​មកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។

សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ នៅថ្ងៃ​នេះបានថ្លែងថា​រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០ នាក់ ដែលក្នុង​នោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជាកាលពីពេលថ្មីៗក្នុងពេលដែលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។

សម្តេចតេជោ​បញ្ជាក់យ៉ាងដូច្នេះថា​ នៅ​ពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិ​បាលកម្ពុជាបានសម្រេចអោយកូន​ក្មួយពលករខ្មែរជាង២០០នាក់អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៉ីគេធ្វើតេស្តសុខភាព​សិន ដើម្បីបញ្ជាក់ថាកូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។

សម្តេចតេជោ​មានប្រសាសន៍​លេីកឡេីងថា​ សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។

ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជា​វិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាម​ដានសុខភាពជាបន្ត ហើយក៏មាន​ការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ៕សហការី


ចែករំលែក៖